(ភ្នំពេញ)៖ ទំព័រ Facebook ឈ្មោះសីហា ដែលកំពុងល្បាញល្បីរឿងទម្លាយរឿងអាស្រូវ និងរឿងសម្ងាត់ៗរបស់មន្រ្តីគណបក្ស សង្រ្គោះជាតិនោះ នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ បានទម្លាយលិខិតមួយច្បាប់របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រធានក្រុមការងារខេត្តព្រះសីហនុ នៃគណបក្សសង្រ្គោះជាតិ សុំរំលាយគណៈកម្មាធិការប្រតិបត្តិខេត្តព្រះសីហនុ ព្រោះតែរឿងបក្ខពួក និងគ្រួសារនិយម ហើយសុំឲ្យបង្កើតគណៈកម្មការជាថ្មីដោយមានការជ្រើសរើសសមាជិកឲ្យមានសុក្រឹតភាព។

ក្នុងលិខិតស្នើសុំរំសាយគណៈកម្មាធិការប្រតិបត្តិខេត្តព្រះសីហនុ ផ្ញើជូនលោក កឹម សុខា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបញ្ជាក់ថា ក្នុងឱកាសដែលព្រះអង្គអវត្តមាន ហើយបក្សកំពុងរវល់រៀបចំបេក្ខជនឃុំ-សង្កាត់នោះ គណៈកម្មាធិការប្រតិបត្តិខេត្តព្រះសីហនុ បានរុះរើរចនាសម្ព័ន្ធថ្នាក់ស្រុកបង្កើតការជ្រួលច្របល់ និងបំបាក់ទឹកចិត្តសកម្មជនមូលដ្ឋាន។ ព្រះអង្គម្ចាស់ ធម្មិកោ ចាត់ទុកទង្វើនេះថា ជាការបំផ្លិចបំផ្លាញបក្ស។

ព្រះអង្គម្ចាស់ ធម្មិកោ ថែមទាំងបានបញ្ជាក់ក្នុងលិខិតនោះទៀតថា សមាសភាពគណៈកម្មាធិការប្រតិបត្តិនៅក្នុងខេត្តព្រះសីហនុ ដែលបានរុះរើនោះ បានឆ្លុះបញ្ចាំងពីភាពគ្រួសារនិយមខ្លាំងផ្ទុយនឹងគោលការណ៍របស់បក្ស។

ក្នុងលិខិតដដែលនោះក្រៅពីការរិះគន់ទៅលើការរុះរើគណៈកម្មាធិការប្រតិបត្តិបក្សក្នុងខេត្តព្រះសីហនុហើយនោះ ព្រះអង្គម្ចាស់ ធម្មិកោ បានស្នើសុំឲ្យលោក កឹម សុខា រំសាយចោលនូវគណៈកម្មាធិការប្រតិបត្តិនោះចោល ហើយតែងតាំងសាជាថ្មីតាមរបៀប្រជាធិបតេយ្យ ដោយគោរពនូវគោលការណ៍មួយចំនួនដូចជា៖

១. ចែកលិខិត សូមដាក់បេក្ខភាពជាសមាជិកគណៈកម្មាធិការប្រតិបត្តិជាទូលំទូលាយ។
២. រៀបចំការបោះឆ្នោតដោយយកគណៈកម្មាធិការប្រតិបត្តិទាំង២៩ ឃុំ សង្កាត់ ដែលទើបតែបានតែងតាំងក្នុងពេលថ្មីៗនេះ ជាអង្គបោះឆ្នោត។
៣. ការបោះឆ្នោតនេះ ត្រូវធ្វើក្រោមការពិនិត្យរបស់គណៈកម្មការវិន័យគណបក្ស។
៤. យកលទ្ធផលការបោះឆ្នោតនេះ ប្រកាសសមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មី។

ក្នុងពេលដែលគណៈកម្មាធិការប្រតិបត្តិថ្មីមិនទាន់បង្កើតឡើងនេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានស្នើសុំផងដែរឲ្យលោក កឹម សុខា ចាត់ទុកជាមោឃៈគ្រប់ការតែងតាំងរបស់គណៈកម្មាធិការប្រតិបត្តិខេត្ត ដែលបានរុះរើរចនាសម្ព័ន្ធថ្នាក់ស្រុកនាពេលកន្លងមក។

ពាក់ព័ន្ធការទម្លាយលិខិតខាងលើនេះ អង្គភាព Fresh News មិនទាន់អាចស្វែងរកការបំភ្លឺ និងបញ្ជាក់បន្ថែមពីព្រះអង្គម្ចាស់ ធម្មិកោ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិបាននៅឡើយទេនៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ៕