(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែមីនានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ប្រាប់ដល់បងប្អូនអាជីវករថា អគ្គនាយកដ្ឋានពន្ធដារ ពុំធ្លាប់មានគោលការណ៍ ចុះធ្វើសវនកម្ម ឬចុះត្រួតពិនិត្យលើប្រជាពលរដ្ឋប្រកបរបរអាជីវកម្មតូចតាចនោះទេ។

ការចេញមកបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារ យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីថ្មីៗនេះ ខ្លួនបានទទួលព័ត៌មានថា មានជនខិលខូចមួយចំនួនតូច ដែលអាចជាអ្នករត់ការ ឬមន្ត្រីពន្ធដារខិលខូចខ្លះ ប្រើឧបាយកលបោកបញ្ឆោតតាមគ្រប់រូប ភាព ដល់ប្រជាពលរដ្ឋ ជាអ្នកជាប់ពន្ធធ្លាប់ស្ថិត ក្នុងរបបម៉ៅការ ដែលបច្ចុប្បន្នមានផលរបរស្ថិតក្រោមកម្រិតត្រូវជាប់ពន្ធ ដើម្បីជំរិតទារប្រាក់ ក្រោមរូបភាពចុះធ្វើសវនកម្ម ឬចុះពិនិត្យជាដើម។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានអំពាវនាវដល់បងប្អូនអាជីវករដែលប្រកបរបរតូចតាច ហើយមានជនខិលខូចចុះជម្រិតទារប្រាក់ សូមរាយការណ៍ជាបន្ទាប់មកកាន់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈលេខទូរស័ព្ទ ០២៣ ៨៨៦ ៧០៨ , ០១២ ៩៣២ ០៣២ និង ០១០ ៨៥៨ ៨០២៕