(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ និងអង្គការស៊ីវិលរាប់រយនាក់ បានអញ្ជើញចូលរួម «ទិវាមួយម៉ោងសម្រាប់ភពផែនដី» ដែលរៀបចំដោយក្រសួងបរិស្ថាន និងអង្គការ WWF ស្ថិតនៅមុខវត្តបុទុមវត្តី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្នាក់ដឹកនាំអង្គការ WWF​ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ជាច្រើនផ្សេងទៀតផងដែរ។

បើតាមក្រសួងបរិស្ថាន «ទិវាមួយម៉ោងសម្រាប់ភពផែនដី» ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្កើនការយល់ដឹង អំពីវិស័យ បរិស្ថាន ទៅដល់ប្រជាពលរដ្ឋកម្ពុជាទូទៅប្រទេស និងដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងឈានដល់ការចូលរួម កិច្ចការគាំពារ បរិស្ថាន និងលើកទឹកចិត្តដល់យុវជន ឲ្យចូលរួមយ៉ាងសកម្មលើវិស័យបរិស្ថាន និងភ្ជាប់ទំនាក់ទំនងជាមួយ វិស័យឯកជន ឲ្យមានការគិតគូរ និងចូលរួមថែរក្សា៕