(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ LAVARENNE ជាន់ទី១០ អតីតនិស្សិតមហាវិទ្យាល័យ នីតិសាស្ត្រជំនាន់ទី១ ឆ្នាំសិក្សាឆ្នាំ១៩៩២-១៩៩៧ បានរៀបចំអបអរសាទរពិធីជួបជុំមិត្តលើកទី២ ខណៈលើកទី១ កម្មវិធីជួបជុំមិត្តនេះ បានធ្វើនៅសណ្ឋាគារសុខា ប្រកបដោយភាពស្និទស្នាលរំលឹកនូវអនុស្សាវរីយ៍ គ្រាសិក្សាក្រេបយកនូវពុទ្ធិជាមួយគ្នាមិនតិចជាង៥ឆ្នាំ។

បច្ចុប្បន្នអតីតនិស្សិតមហាវិទ្យាល័យនីតិសាស្ត្រជំនាន់ទី១ ឆ្នាំសិក្សាឆ្នាំ១៩៩២-១៩៩៧ បានចូលបំរើការងារក្នុង​ជួររាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា ស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ ជាមេធាវី ឯកអគ្គកុងសុលស្ថានទូត​ប្រចាំនៅក្រៅប្រទេសមួយចំនួន និងខ្លះទៀតជាសាស្ត្រាចារ្យ ជាពាណិជ្ជករ អាជ្ញាធរខណ្ឌ-ក្រុង-ស្រុក អាជ្ញាធររាជធានី-ខេត្ត។

បើទោះពួកគាត់មានភារកិច្ចជាប់ទៅបំពេញការងាររៀងៗខ្លួន អស់រយះពេល២០ ក្រោយពីបញ្ចប់ការសិក្សាក៏ពិតមែន តែមិនបានឃ្លាតឆ្ងាយមនោសញ្ចេតនាពីគ្នាឡើយ។ បរិយាកាសជួបជុំមិត្តលើកទី២នេះ ក៏បង្ហាញពីការរាក់ទាក់ស្និទស្នាល និងគ្នា បន្ទាប់ពីពួកគាត់បានចំណាយពេលដ៏មានតំលៃ ធ្វើដំណើរមកពីបណ្តារាជធានី-ខេត្ត និងខ្លះទៀតមកពីក្រៅប្រទេសជាដើម ហើយក៏បន្តរៀបចំកម្មវិធីបែបនេះនៅឆ្នាំបន្ទាប់ៗទៀតផងដែរ៕