(ភ្នំពេញ)៖ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ នឹងជួបសំណេះសំណាលជាមួយបេក្ខភាពក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជានៅទូទាំងរាជធានីភ្នំពេញ។ ពិធីសំណេះសំណាលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ ជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំបក្សក្នុងរាជធានីភ្នំពេញ។

លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះថា ពិធីសំណេះសំណាលនេះធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ បេក្ខភាពក្រុមប្រឹក្សាសង្កាត់ទាំង ១០៥ក្នុងរាជធានីភ្នំពេញ ហើយក៏ជាការជួបជុំដើម្បីត្រៀមលក្ខណៈសម្បត្តិឈានទៅចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ផងដែរ។

បើតាមលោក ប៉ា សុជាតិវង្ស កិច្ចសំណេះសំណាលនៅថ្ងៃស្អែកនេះ ក៏នឹងមានការណែនាំ ផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រកួតប្រជែងរកការគាំទ្រនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ យោងតាម គ.ជ.ប បានឲ្យដឹងថា មានគណបក្សចំនួន១២ បានចុះឈ្មោះចូលរួម​ប្រកួតប្រជែងជាមួយបេក្ខភាពសរុបជាង ៩ពាន់នាក់ ខណៈ ឃុំ-សង្កាត់នៅទូទាំងប្រទេសមានចំនួនសរុប ១,៦៤៦ឃុំ-សង្កាត់៕