(ភ្នំពេញ)៖ សិស្សនិស្សិតនៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ដែលទើបតែបញ្ចប់ វគ្គបណ្តុះបណ្តាលជំនាញទន់ ឬAML Soft Skills ជិត១០០នាក់ ទទួលបានឱកាសមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅអគារ Bellevue និងជួបជាមួយនឹងស្ថានិក នៃអគារនេះនៅល្ងាចថ្ងៃទី២៥ ខែមីនានេះ។

លោក ឃីម សុខហេង ស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បានឲ្យដឹងថា ការរៀបចំជួបជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់ចំណេះដឹង ទ្រឹស្តី និងការងារជាក់ស្តែងពីសារប្រយោជន៍ នៃជំនាញ Soft Skill និងភាពជាអ្នកដឹកនាំដើម្បីទទួលបានបទ ពិសោធន៍ ជាក់ស្តែងក្រោយសិក្សាជាង៣ខែ។

លោក ឃីម សុខហេង បានបញ្ជាក់ផងដែរថា «ខ្ញុំចង់ផ្តល់ឱកាសឲ្យសិស្សនិស្សិត បានជួបដោយផ្ទាល់ នឹងស្ថាបនិកជោគជ័យ ដែលពួកគាត់សុទ្ធតែអនុវត្តជំនាញទន់ ឬSoft Skillនេះ ក្នុងជីវិតរស់នៅ និងជំនាញវិជ្ជាជីវៈរបស់គាត់។ វិនិយោគិនទាំងនេះសុទ្ធតែមមាញឹកនឹងការងារ តែការចេះរៀបចំដំណើរជីវិត ដោយអនុវត្តជំនាញ Soft Skill បានធ្វើឲ្យអាជីវកម្មពួកគាត់ រីកចម្រើនទៅមុខជាលំដាប់ផងដែរ»

លោក អៀង សុធារ៉ា ស្ថានិបអាគារ Bellevue និងជាម្ចាស់នៃរមនីយដ្ឋានពិចនិចបានឲ្យដឹងថា ដើម្បីទទួលបានការងារមួយ បាន គឺទាមទារឲ្យយើងម្នាក់ៗ មានជំនាញច្បាស់លាស់ ប៉ុន្តែដើម្បីទទួលបានភាពជោគជ័យ ក្នុងការងារ និងសុភមង្គលក្នុង ជីវិតរស់នៅ គឺទាមទារឲ្យយើងម្នាក់ចេះរៀបចំ ដំណើរជីវិត ឥរិយាបថ ទាំងកាយ វាចារចិត្ត និងមានភាពជាអ្នកដឹកនាំច្បាស់លាស់ ដែលទាំងនោះសុទ្ធរាប់បញ្ចូលក្នុងជំនាញSoft Skill។

វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ចាប់ផ្តើមតាំងពីឆ្នាំ២០១៣ និងបានទទួលអាជ្ញាប័ណ្ណពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអប់រំ បណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា ក៏ដូចជាជំនាញ Soft Skill ដំបូងនៅកម្ពុជាផងដែរ។

លោក ឃីម សុខហេង បានសង្កត់ធ្ងន់ថា ជំនាញ Soft Skill ពិតជាចាំបាច់ក្នុងអាជីពជាអ្នកដឹកនាំ គ្រប់ស្ថាប័ន សម្រាប់សង្គមបច្ចុប្បន្ន។ លោកថា ធនធានមនុស្សកម្ពុជា លើជំនាញវិជ្ជាជីវៈមានច្រើន ដោយឡែកអ្នកជំនាញ Soft Skill គឺនៅមានកម្រិតនៅឡើយ ដែលកត្តានេះធ្វើឲ្យយុវជនមានភាព យឺតយ៉ាវ ក្នុងការ ប្រកួតប្រជែងលើទីផ្សារ ការងារ ទាំងក្នុងស្រុក និងក្នុងសមាហរកម្មអាស៊ាន។

គួរបញ្ជាក់ថា និស្សិតនៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យជិត១០០នាក់ ទើបបញ្ចប់វគ្គបណ្តុះបណ្តាល AML Soft Skills។ នោះជាវគ្គបណ្តុះបណ្តាល ផ្តល់ដល់សិស្សនិស្សិតនូវ៧ចំណុចសំខាន់ៗ ដូចជាការផ្តល់នូវជំនាញ ក្នុងការជំរុញលើកទឹកចិត្ត ខ្លួនឯង បង្កើតនូវផ្នត់គំនិត បង្កើនឥរិយាបថដែលមានផលិតភាព កសាងភាពជឿជាក់ លុបបំបាត់ ភាពភ័យខ្លាចបង្កើតនូវវិធី កំណត់ និងសម្រេចគោលដៅក្នុងជីវិត ការចេះប្តេជ្ញាចិត្តដើម្បីជោគជ័យជំនាញនិយាយ ជាសាធារណៈ និងជាងនេះទៅទៀត គឺបង្កើនគុណតម្លៃក្នុងការរស់នៅ៕