(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់ថា ភារកិច្ចរបស់កងទ័ព គឺត្រៀមហ្វឹកហ្វឺន ប្រយុទ្ធដើម្បីយកឈ្នះនៅក្នុងការពារ សុខសន្តិភាព ស្ថេរភាព ការពារបូរណភាពទឹកដី និងជួយប្រជាជនគ្រប់ពេលវេលា។ ថ្លែងបែបនេះរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានធ្វើនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងពិធី​បិទវគ្គហ្វឹកហ្វឺនពលទាហានពលទាហានជំនាន់ទី៣ នៅកងពលតូចលេខ៧០។

លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា ស្ថាប័នកងទ័ព គឺបានប្រែក្លាយមនុស្សឲ្យក្លាយជាបុគ្គលមានវិន័យសណ្តាប់ធ្នាប់ មានការទទួលខុសត្រូវ សីលធម៌ គុណធម៌ សាមគ្គីភាព ភាពជាអ្នកដឹកនាំ ដែលនេះគឺជាមោទនភាព និងជាតម្លៃដែល បានជ្រើសរើសចូលបម្រើនៅក្នុងវិស័យកងទ័ពដែលនេះ គឺជាឱកាស ដូច្នេះ​ត្រូវមានមោទនភាព និងផ្តល់តម្លៃដល់វិស័យកងទ័ព ​ដែលបានការពារជាតិមាតុភូមិ និងបម្រើប្រជាជន។

​នៅក្នុងឱកាសនេះ លោក ហ៊ុន ម៉ាណែត បានសម្ដែងនូវការ​អបអរចំពោះសិក្ខាកាមទាំងអស់ ដែលបានពុះពារនៅក្នុងការហ្វឹកហាត់ ទាំងការ​ហាត់ពត់លត់ដំ កាយសម្បទា ស្មារតីក្នុងនាមជាកងទ័ព និងសិក្សាជំនាញផ្សេងៗ រហូតទទួលបានជោគជ័យ និងក្លាយជាយោធិនមួយរូបប្រកប ដោយភាពអង់អាចក្លាហាន សមត្ថភាព និងស្មារតីចូលរួមចំណែកបម្រើជាតិ និងប្រជាជនកម្ពុជា។

យ៉ាងណាមិញ លោកបានរំលឹកថា «សុខសន្តិភាពថ្ងៃនេះ គឺជាការលះបង់ និងចូលរួមរបស់យោធិនជំនាន់មុន ហើយនាយទាហានជំនាន់ក្រោយ ទទួលភារកិច្ចក្នុងការពារសុខសន្តិភាព ស្ថេរភាពដើម្បីផលប្រយោជន៍កូនចៅជំនាន់ក្រោយ ព្រោះការពារជាតិ គឺការពារគ្រប់ជំនាន់»

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើដល់បងប្អូនសិក្ខាកាមទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រំលឹកមេរៀន ដែលបានហ្វឹកហាត់ និងអនុវត្តស្វ័យសិក្សា ជាប់ជាប្រចាំ ហើយត្រូវគោរពបទបញ្ជាផ្ទៃក្នុងអង្គភាព គោរពបទវិន័យកងទ័ព និងលក្ខន្តិកៈកងទ័ពឲ្យបានខ្ជាប់ខ្ជួន ​ត្រូវរក្សាឲ្យបាននូវសុជីវធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូក្នុងនាមជាកងយោធពលខេមរៈភូមិន្ទ ដែលប្រកបដោយកិតិ្តយស​ សាកសមជាយោធិនគំរូ​ ព្រមទាំងត្រូវស្មោះត្រង់ ហ៊ានលះបង់ចំពោះជាតិ សាសនា ​ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ដាច់ខាតការពារឲ្យបាននូវសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាជន៕