(កណ្ដាល)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះធំ និងជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច​តេជោ ហ៊ុន សែន ជួយពិនិត្យជំងឺ និងចែកថ្នាំជូនប្រជាជនដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង (ទល់មុខវត្តព្រែកតាដួង) ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលនេះមានចំនួន៣,២១៧នាក់ ក្នុងនោះ ពិនិត្យអ្នកជំងឺទូទៅបាន ២,១៨៧នាក់, អ្នកជំងឺភ្នែក ៣០៥នាក់, អ្នកជំងឺត្រចៀក ច្រមុះ បំពង់ក ៩៥នាក់, អ្នកជំងឺសម្ភព ​រោគស្រ្តី ៦៨នាក់, ពិគ្រោះអ្នកជំងឺវះកាត់៨១នាក់, ​​វះកាត់តូចបាន៩នាក់, ពិនិត្យព្យាបាលធ្មេញបាន១៨០នាក់, ពិនិត្យអេកូបេះដូងបានចំនួន៧២នាក់, ​អេកូពោះបានចំនួន៨៩នាក់ និងពិនិត្យជំងឺកុមារបានចំនួន១៤០នាក់។

​ជាមួយគ្នានោះ ប្រជាជនមានសេចក្តីត្រេកអរ និងពេញចិត្តជាពន់ពេកចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច​តេជោ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាល ជ្រៅជាទីបំផុតចំពោះ សម្តេច​ ដែលតែងតែ​យកចិត្តទុកដាក់ខ្ពស់ ដល់សុខមាលភាពប្រជាជនទូទៅ ពិសេសនៅថ្ងៃនេះឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល៕