(ភ្នំពេញ)៖ ក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលផ្ទះចាស់របស់ពួកគាត់ ស្ថិតក្នុងតំបន់ជ្រោយចង្វារ ហើយរងផល​ប៉ះពាល់នៃអភិវឌ្ឍ ត្រូវប្ដូរផ្ទះថ្មី មករស់នៅផ្ទះល្វែង ក្នុងបុរីរុងរឿងនោះ បានបង្ហាញពីសេចក្ដីនូវសុខ​របស់ពួកគាត់ ជាមួយនឹងការសម្រេចចិត្តដ៏ត្រឹមត្រូវ, ដោយពួកគាត់បានប្រៀបធៀប ការដោះដូរមករស់នៅផ្ទះថ្មីនេះ ដូចជាធ្វើឲ្យជីវិតរបស់ពួកគាត់ មានសង្ឃឹមជាថ្មី និងរួចផុត សេចក្តីក្ដីទុក្ខវេទនា។

សេចក្តីសុខរបស់ប្រជាពលរដ្ឋទាំងនោះ ទទួលបានពីការយកចិត្តទុកដាក់ ពីបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុន OCIC ការផ្លាស់ប្តូរពីទីតាំងចាស់ ដែលរស់នៅគ្មានផាសុកភាព គ្មានផ្លូវល្អ ផ្ទះលិចទឹក ជួបវិបត្តិបញ្ហាអសន្តិសុខជាដើម មករស់នៅទីតាំងថ្មី ក្នុងបុរីរុងរឿង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ជាមួយនឹងការរស់នៅប្រកបដោយផាសុកភាព មានរបៀបរៀបរយ មានហេដ្ឋារចនាសម្ព័ន្ធល្អ ពិសេសមានឱកាស បើករបររកស៊ីចិញ្ចឹមជីវិត ធ្វើឲ្យពួកគាត់មានជីវភាពធូរធារឡើង ជាលំដាប់ថែមទៀង។

ការដែលប្រជាពលរដ្ឋទាំងអស់នោះ បង្ហាញនូវសេចក្ដីសុខ និងការរស់នៅប្រកបដោយភាពងាយស្រួលយ៉ាងដូច្នោះ ដោយសារតែពីមុនផ្ទះរបស់ពួកគាត់មានទំហំតូច ៦ខែលិចទឹក ៦ខែគោក ដែលធ្វើឲ្យពួកគាត់ពិបាកការធ្វើដំណើរ ប្រកបចិញ្ជឹមជីវិត និយាយរួមពិបាកវេទនាយ៉ាងខ្លាំង ប៉ុន្ដែពេលក្រោយពួកគាត់ បានទទួលនូវការដោះដូរ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍតំបន់ជ្រោយចង្វារ រួមមក ធ្វើឲ្យជីវភាព និងការរស់នៅរបស់ពួកគាត់ មានភាពងាយស្រួល មានសុខសុវត្ថិភាព រួមទាំងអាចប្រកបរបបចិញ្ជឹមជីវិតលក់ដូរ បានថែមទៀតផង។

អ្នកស្រី សរ សារ៉ាន់ អាយុ៦៣ឆ្នាំ ដែលពីមុនរស់នៅ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ហើយបានប្ដូរយកផ្ទះថ្មីមួយល្វែង និងតូចផ្សារមួយ ស្ថិតក្នុងបុរីរុងរឿង បានបង្ហាញសេចក្ដីរំភើបរីករាយឥតឧបមា នៅពេលដែលបានមករស់តំបន់ទីតាំងថ្មី ព្រោះទីតាំងថ្មីនេះ បានជួយឲ្យអ្នកស្រី និងក្រុមគ្រួសារមានសេចក្ដីសុខ មិនព្រួយបារម្មណ៍ពីការអសន្ដិសុខ និងការលិចលង់ដូចពេលនោះឡើយ ហើយថែមទាំងទទួលបាននូវការយកចិត្តទុកដាក់ ពីលោកឧញ៉ា ពុង ឃាវសែ អគ្គនាយក OCIC ដោយបានផ្ដល់នូវអំណោយ រាល់ពេលបុណ្យទាន ថែមទៀតផង។

ក្នុងទឹកមុខប្រកបដោយសេចក្តីសុខ និងស្វាហាប់ អ្នកស្រី លឹម សុខអាន ដែលមានស្វាមីឈ្មោះ លាង ហាក់សេង  និងមានកូនប្រុសស្រី២នាក់ រស់នៅក្នុងបន្ទុកជាមួយ បានថ្លែងពីអារម្មណ៍សប្បាយរីករាយ របស់ខ្លួនជាខ្លាំង នៅពេលដែលបានសម្រេចចិត្តត្រឹមត្រូវ ពោលគឺទទួលយកដំណោះស្រាយ នៃការដោះដូរ លំនៅឋានចាស់របស់ខ្លួន ដែលមានទីតាំងស្ថិតនៅភូមិទំនប់ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា មកទទួលយកនៅផ្ទះល្វែងមួយល្វែង និងតូបលក់ក្នុងផ្សារមួយ ពីក្រុមហ៊ុន OCIC។

អ្នកស្រី លឹម សុខអាន បានថ្លែងបញ្ជាក់ថា «ខ្ញុំបានមករស់នៅក្នុងផ្ទះល្វែងបុរីរុងរឿង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ ដោយការសម្រេចចិត្តនេះ គឺពិតជាត្រឹមត្រូវ ដោយនៅពេលដែលក្រុមហ៊ុន ប្រកាសឲ្យមានការដោះដូរនោះ ខ្ញុំបានសម្រេចចិត្តមុនគេ ដោយទទួលយកការដោះដូរភ្លាមៗ។ អ្វីដែលធ្វើឲ្យខ្ញុំរីករាយខ្លាំងទៀតនោះ គឺការយកចិត្តទុក ដាក់ពីថ្នាក់ដឹកនាំ ក្រុមហ៊ុន ដោយមិនមែនទុកពួកខ្ញុំចោលទេ ដោយរាល់ពេលបុណ្យទាន គឺក្រុមហ៊ុនតែងតែផ្តល់អំណោយមិនដាច់ហើយ ពេលមានសំណើឲ្យធ្វើការជួសជុលផ្ទះម្តងៗ ក្រុមហ៊ុនមកភ្លាមៗទាន់ពេលវេលា»

អ្នកស្រី វ៉ា នាង ដែលផ្លាស់ប្តូរទីតាំង ចាស់នៅភូមិដើមគ សង្កាត់ជ្រោយចង្វា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ ដោយមកចាប់យក ផ្ទះល្វែង នៅបុរីរុងរឿង ក៏បានបង្ហាញនូវសេចក្តីសុខ និងស្នាមញញឹម របស់ខ្លួនផងដែរ ដែលនេះបានបញ្ជាក់ថា ការសម្រេច ចិត្តរបស់គាត់ គឺត្រឹមត្រូវ ដែលនាំឲ្យជីវភាពគ្រួសារ កាន់តែមានភាពធូរធារជាងមុន ដោយមុនពេលមិនទាន់ចូល មករស់នៅ បុរីរុងរឿង អ្នកស្រីប្រកបមុខរបរជា អ្នកបោសសម្អាត តាមក្រុមហ៊ុន និងមានស្វាមីអ្នករត់ម៉ូតូឌុប តែបន្ទាប់ពីបានផ្លាស់ប្តូរ មករស់នៅទីតាំងថ្មី អ្នកស្រី វ៉ា នាង បានប្តូរមកលក់ចាប់ហួយ លក់បាយ។

អ្នកស្រី វ៉ា នាង បានថ្លែងបញ្ជាក់ថា «ខ្ញុំនិងក្រុមគ្រួសាររស់នៅទីនេះ មានភាពងាយស្រួល ខ្លាំងណាស់ តាំងពីការរកស៊ី និងសុខសុវត្ថិភាព ដែលធ្វើឲ្យធូរធារហើយ បើប្រៀបជាមួយទីតាំងមុន ពិបាកខ្លាំងណាស់។ នៅទីនេះថ្នាក់ដឹកនាំក្រុមហ៊ុន តែងតែយកចិត្តទុកដាក់មិនដាច់ ទាំងការសំណូមពរ និងការផ្តល់អំណោយ នៅពេលមានបុណ្យទាន ម្តងៗ អំណោយ មិនតិចជាង១០ម៉ឺនរៀលទេ ដែលពួកខ្ញុំរស់នៅទីនេះទទួលបានគ្រប់គ្នា»

សូមជម្រាបថា ក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ OCIC បានសហការយ៉ាងជិតស្និត ជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយផលប៉ះពាល់នានា និងបានរៀបចំប្លង់គោលអភិវឌ្ឍន៍ និងគម្រោងសាងសង់ហេដ្ឋារចនា សម្ព័ន្ធជាបន្តបន្ទាប់ ដែលបង្ហាញពីភាពខុសប្លែក និងអភិវឌ្ឍន៍នៅតំបន់ ដ៏មានសក្តានុពលមួយនេះ។

សមិទ្ធិផលជាច្រើន ត្រូវបានក្រុមហ៊ុនសម្រេចបាន ចាប់ទាំងពីទទួលបានការអភិវឌ្ឍន៍ពីរាជរដ្ឋាភិបាល កាលពីឆ្នាំ២០១១មក រហូតមកដល់បច្ចុប្បន្នរួមមាន៖

១៖ ស្ថាបនាផ្លូវក្រវ៉ាត់ ជុំវិញតំបន់អភិវឌ្ឍន៍ ដែលមានគម្លាត១០០ម៉ែត្រ ពីអ័ក្សផ្លូវជាតិលេខ៦ មានទទឹង១៥ម៉ែត្រ សម្រេចបានប្រមាណ៨០%។

២៖ សាងសង់ផ្លូវមេ ពុះចំកណ្តាលតំបន់អភិវឌ្ឍន៍ មានទទឹង៣០ម៉ែត្រ ដែលមានប្រវែង៥២៥៨ម៉ែត្រ សម្រេចបាន១០០%។

៣៖ អនុវត្តន៍គោលការណ៍ ឃ្វៀលដីភូមិចាស់ទាំង៣សង្កាត់ ចេញពីគម្រោងអភិវឌ្ឍន៍ទំហំ១០២.២ហិកតា ស្នើនឹង៤០៤គ្រួសារ ដែលបច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសូរិយាដី ​បានវាស់វែងរួចរាល់ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅពេលដ៏ខ្លីខាងមុខ។

៤៖ បន្ទាប់ពីកាត់ដីភូមិចាស់ ចេញពីគម្រោងអភិវឌ្ឍន៍ ចំណែកដីដែលនៅសេសសល់ចំនួន ២៨៤.៨ហិកតា គឺបានធ្វើប័ណ្ណកម្មសិទ្ធិ ចំនួន៣ប័ណ្ណ របស់សាលារាជធានីភ្នំពេញរួចហើយ ក្នុងនោះរួមមាន៖

* សង្កាត់ជ្រោយចង្វារ ទំហំ១២៦.១៨ហិកតា (ប័ណ្ណសំគាល់កម្មសិទ្ធិកាន់កាប់លេខ ភព ៣២១១៨)

* សង្កាត់ព្រែកតាសេក ទំហំ៣៥.៦៨ហិកតា (ប័ណ្ណសំគាល់កម្មសិទ្ធិកាន់កាប់លេខ ភព ៣២១១៩)

* សង្កាត់ព្រែកលៀប ទំហំ១២៣ហិកតា (ប័ណ្ណសំគាល់កម្មសិទ្ធិកាន់កាប់លេខ ភព ៣២១២០)

៥៖ បានដោះស្រាយគោលនយោបាយរួចរាល់ សម្រាប់ប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់រួមមាន ចំនួន១៤២ហិកតា ស្មើរនឹង៣៥៣គ្រួសារ (៣៨.៥%)

* ដោះស្រាយគោលនយោបាយ ជាថវិកាបាន ១៤៧គ្រួសារ

* ដោះស្រាយប្តូរយកជាផ្ទះ និងតូបផ្សារ នៅក្នុងបុរីរុងរឿង បាន១៥២គ្រួសារ

* ដោះស្រាយទទួលយកគោលនយោបាយ១០% នៃទំហំដីបាន៤១គ្រួសារ

* ដោះស្រាយច្រកចូលលេខ០៨ បាន១៣គ្រួសារ។

៦៖ បានឃ្វៀលដីប្រជាពលរដ្ឋ ក្រោយផ្សារព្រែកលៀប៣.៨ហិកតា ស្មើនឹង៣១គ្រួសារ

៧៖ ដោយឡែកសម្រាប់ម្ចាស់ដីក្រៅមូលដ្ឋាន ដែលមានទាន់បានទទួលយក នៅគោលនយោបាយ ១០% មានចំនួន១២៣ហិកតា ស្មើនឹង១២៦គ្រួសារ ហើយត្រូវបានសាលារាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងមួយ ឲ្យពួកគាត់ប្រញាប់ទទួលយកនូវរបបគោលនយោបាយទាំងនេះ ដោយទុករយៈពេល១ខែ ប្រសិនបើមិនមកទទួលយកទេ ស្មើនឹងបោះបង់ចោល។

សរុបជារួមប្រជាពលរដ្ឋ ដែលទទួលបានដំណោះស្រាយរួចរាល់មានចំនួន ៧៩១គ្រួសារ ស្មើនឹង៨៦.៣% នៅលើផ្ទៃសរុបទំហំ ២៦៤ហិកតា ខណៈដែលប្រជាពលរដ្ឋភាគច្រើន នៅក្រៅមូលដ្ឋាន ដែលមិនទាន់បានទទួលយក មានចំនួន១២៩គ្រួសារ ស្មើនឹង១៣.៧% លើទំហំដី១២៣ហិកតា៕