(កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៉ីវ ចំរើន បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះថា លោកកំពុងតែរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តទៀត ចំពោះករណីអធិការរងនគរបាលស្រុកកណ្តាលស្ទឹង លោក យន់ គង់ បានបាញ់ប្រហារទៅលើយុវជនម្នាក់បណ្តាល ឲ្យចំស្មារងរបួស។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់យ៉ាងដូច្នេះថា «សំណុំរឿងខ្ញុំបានរៀបចំបញ្ជូនទៅតុលាការហើយ។ ដំណើរការរបស់មន្ត្រីយុត្តិធម៌ខ្ញុំនេះ បាន និងកំពុងបង្កសំណុំរឿង... និងចាត់ការតាមនីតិវិធី នៃច្បាប់ដែលបានកំណត់។ បើទោះភាគីទាំងសងខាង បានសម្របសម្រួលគ្នារួចហើយក្តី និងខាងរងគ្រោះ បានដកពាក្យបណ្តឹងពីស្ថាបន័មានសមត្ថកិច្ចរួចហើយក្តី តែនៅជាប់បណ្តឹងអាជ្ញាដដែល....នេះគឺជាច្បាប់...»

សូមបញ្ជាក់ថា យុវជនម្នាក់ត្រូវអធិការរងនគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោកវរសេនីយ៍ត្រី យន់ គង់ បាញ់ប្រហារចំស្មាខាងស្តាំ បណ្តាលឲ្យរងរបួស ពេលដែលកម្លាំងនគរបាល ចុះបង្ក្រាបបទល្មើសនេសាទ (ឆក់ត្រី) ស្ថិតនៅស្ថិតនៅភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាស្ទឹង។

ហេតុការណ៍បាញ់ប្រហារខាងលើនេះបានកើតឡើងតាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ប៉ុន្តែទើបបែកធ្លាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ហើយករណីនេះត្រូវបានបញ្ចប់នៅថ្នាក់មូលដ្ឋាន ដោយជនរងគ្រោះបានដកពាក្យបណ្តឹង។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា កាលពីថ្ងៃទី១៧ ខែមីនាឆ្នាំ២០១៧ មានករណីបង្ក្រាបបទល្មើស​នេសាទខុសច្បាប់ (ឆក់) ត្រី​ ក្រោមការដឹករបស់លោកវរសេនីយ៍ យន់ គង់​ អធិការរងនគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ពេលលោក យន់ គង់ និងកម្លាំងបានទៅដល់កន្លែងកើត​ហេតុ ស្រាប់តែអ្នកនេសាទ និងយុវជនរងគ្រោះនាំគ្នារត់ តែយុវជនគ្រោះរត់មិនទាន់បានប៉ុន្មានផង ស្រាប់តែលោកអធិការរងរូបនោះ ដកកាំភ្លើងខ្លីពីចង្កេះបាញ់តំរង់បណ្តាលឲ្យចំស្មា ខាងស្តាំធ្លាយម្ខាងមកម្ខាង។

បន្ទាប់ពីបាញ់ឲ្យរបួសហើយ កម្លាំងនគរបាលបានចាប់បញ្ជូនយុវជនរងគ្រោះមកកាន់ អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដោយលើកហេតុផលថា ជននេះមានគ្រឿងញៀនជាប់ខ្លួន៕