(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានបំភ្លឺថា ករណីរថយន្តលុច្សស៊ីស ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ​ 01.2-1006 ដែលបើកបុក​ក្បាល​នាគ​ពុះ​ខណ្ឌ​ចែក​ទ្រូងផ្លូវ​ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពីវេលារំលងអាធ្រាត្រ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នោះ មិនមែនជារបស់ជនជាតិចិននោះទេ ប៉ុន្តែជារប​ស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ ដែលបើកបរដោយមន្រ្តីយោធាម្នាក់ ហើយពេលនេះ ក្រសួងចាត់វិធានការ ទៅតាមច្បាប់រួចហើយដែរ។

ការបំភ្លឺរបស់ក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានផ្សព្វផ្សាយខុសឆ្គងថា មានជនជាតិចិនម្នាក់ បានបើករថយន្តយោធា ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 01.2-1006 នេះទាំងស្រវឹង ហើយបុកទ្រូងផ្លូវនៅចំណុចខាងលើ ប៉ុន្តែអ្នកបើកបរបានរត់គេចខ្លួន។ សារព័ត៌មាន និងបណ្តាញសង្គមទាំងនោះ នោះ​ក៏បានរិះគន់ធ្ងន់ធ្ងរ ក្រសួងការពារជាតិ ចំពោះហេតុការណ៍ដែលបានកើតឡើងនេះផងដែរ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមីនានេះថា ការចុះផ្សាយព័ត៌មាននោះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូ របស់ក្រសួងការពារជាតិ និងថ្នាក់ដឹកនាំក្រសួងការពារជាតិ។

លោកនាយឧត្តមសេនីយ៍ បានអះអាងថា បន្ទាប់ពីធ្វើការស្រាវជ្រាវចំពោះករណីនេះរួច ក្រសួងការពារជាតិ បានរកឃើញថា រថយន្តពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 01.2-1006 គឺជារថយន្តរបស់ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសរបស់ក្រសួងការពារជាតិ ដែលបើកបរ និងទទួលខុសត្រូវដោយមន្រ្តីយោធាម្នាក់ មិនមែនជនជាតិចិន ដូចការចុះផ្សាយទេ។ លោកបានបន្ថែមថា ក្រោយពេលកើតហេតុនេះ ក្រសួងបានចាត់តាំង មន្រ្តីនាយកដ្ឋានអធិការកិច្ចរបស់ក្រសួងការពារជាតិ ដើម្បីចុះធ្វើការត្រួតពិនិត្យ និងចាត់ការតាមច្បាប់ រួចរាល់ហើយ។

កន្លងទៅក្រសួងការពារជាតិ ក៏ធ្លាប់បានដាក់បទវិន័យយ៉ាងតឹងរឹង ចំពោះមន្រ្តី​ និងទាហានក្រោមចំណុះរបស់ខ្លួន ដែលបានធ្វើខុសវិន័យ។ រាល់សកម្មភាពល្មើសទាំងឡាយណា ដែលបង្កឡើងដោយមន្រ្តីយោធា នឹងត្រូវអនុវត្តទៅតាមច្បាប់របស់ប្រទេសកម្ពុជា៕