(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឬក្រុមគោព្រៃកម្ពុជា ខណៈពេលនេះបានទៅដល់ទីក្រុងអា​ម៉ាន់ ប្រទេស​ហ្សកដានី​ហើយ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមការដឹកនាំរបស់គ្រូជម្រើសជាតិថ្មី លោក Leonardo Luiz ដើម្បីចូលរួម​ត្រៀម​ប្រកួត​ដណ្តើម​កៅអី​ សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup 2019 នៅក្នុងការប្រកួតដំបូង នៅវេលាម៉ោង១១យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ (ម៉ោងនៅកម្ពុជា)។

ក្នុងជំនួបនេះក៏មានវត្ដមាន កីឡាករខ្សែប្រយុទ្ធឆ្មើម ចាន់ វឌ្ឍនាកា ដែលបច្ចុប្បន្នលេងនៅ​ក្នុងក្លឹប Fujieda MYFC លីគលំដាប់ទី៣ នៃរបស់ជប៉ុន និង​ កីឡាករខ្សែរបម្រើ ធារី ចន្ថាប៊ិន ដែលបច្ចុប្បន្នលេងនៅក្នុងក្លឹប Krabi FC លីគលំដាប់ទី២ នៃប្រទេសថៃផងដែរ។

គួរបញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup 2019នេះ ក្រុម​គោព្រៃ​កម្ពុជា ស្ថិត​ក្នុង​ពូល C ដែល​ប៉ះ​សុទ្ធតែ​ក្រុម​ខ្លាំង​មាន​ដូច​ជា៖ អាហ្វហ្គានីស្ថាន, វៀតណាម និង​ហ្សកដានី។

សូមជំរាបថា កាលពីយប់ថ្ងៃទី២៣ ខែមីនាម្សិលមិញនេះ ក្រុមជម្រើសជាតិ ហ្សកដានី ក៏បានប្រកួតមិត្តភាពអន្តរជាតិយកឈ្នះ ក្រុមកីឡាករហុងកុង ដោយលទ្ធផល ៤ទល់០ មុនស្វាគមន៍ កម្ពុជា ក្នុងផ្ទះរបស់ខ្លូន នៃពានរង្វាន់ AFC Asian Cup 2019 ស្ថិតនៅពូល C ក្នុងវគ្គចែកពូល៕