(មណ្ឌលគិរី)៖ ក្មេងប្រុសតូចៗ២នាក់បងប្អូន បានស្លាប់យ៉ាងវេទនា នៅក្នុងអណ្តាតភ្លើង គ្រាដែលផ្ទះរបស់ពួកគេ ត្រូវបានអគ្គិភ័យឆាបឆេះ នាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ ត្រូវបានអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ស្តីបន្ទោសខ្លាំងៗចំពោះអាជ្ញាធរ និងសមត្ថកិច្ចដែលមានភាពយឺតយ៉ាវក្នុងការជួយអន្តរាគមន៍។

រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០១៧នេះ ក្រុមគ្រួសារ និងសមត្ថកិច្ចកំពុងកកាយរកឆ្អឹងសាកសពនៅក្នុងគំនរផេះ តែពុំទាន់រកឃើញនៅឡើយទេ។ នាយនគរបាលប៉ុស្តិ៍ឃុំចុងផ្លាស់ លោក ឡេវ វិបុល បានប្រាប់ភ្នាក់ងារ Fresh Newsថា ករណីភ្លើងឆេះផ្ទះខាងលើ​ សង្ស័យ​បណ្តាលមកពីការដុតភ្លើងទៀន​។ សម្រាប់ហេតុការណ៍នេះ ឪពុកម្តាយបានរួចពីសេចក្តីស្លាប់ ដោយសារតែរត់រួច ហើយម្នាក់ៗនឹកស្មានថា យកកូនចេញហើយ។

អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានស្តីបន្ទោសដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទីនោះថា មានការយឺតយ៉ាវក្នុងការជួយពន្លត់នៃករណីនេះ។ ទោះបីយ៉ាងណាលោកអភិបាលខេត្ត បាននិងកំពុងចាត់ចែងផ្តល់​ជំនួយបឋម ជូនក្រុមគ្រួសាររងគ្រោះក្នុងហេតុការណ៍នេះដើម្បីជួយសម្រួលតាមតម្រូវការ។

បើតាមសមត្ថកិច្ច ផ្ទះមួយខ្នងសង់ពីឈើប្រកស័ង្កសី ទទឹង៦ម៉ែត្រ និងបណ្តោយ៧ម៉ែត្រនៅភូមិខ្ញែង (ហៅត្រពាំងឈូក)ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានភ្លើងឆេះខ្ទេច កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បណ្តាលឲ្យជីវិតក្មេងចំនួន២នាក់បង
ប្អូនស្លាប់យ៉ាងវេទនា។ ក្មេងប្រុសរងគ្រោះបងមានអាយុ៤ ឆ្នាំ និងប្អូនស្រីម្នាក់ទៀតអាយុ២ឆ្នាំ ត្រូវភ្លើងឆេះក្នុងគំនរផេះផង់ និងខូចខាតអស់ទ្រព្យសម្បត្តិជាច្រើនទៀតផង។

ទោះបីផ្លូវទៅកាន់ទីនោះ មានសភាពលំបាកយ៉ាងណាក៏ដោយ លោក ស្វាយ សំអ៊ាង កំពុងចាត់ចែងឲ្យកាកបាទក្រហមសាខា ខេត្តមណ្ឌលគិរី ចុះទៅកាន់ទីកន្លែងកើតហេតុដើម្បីយកជំនួយទៅផ្តល់ជូនក្រុមគ្រួសាររងគ្រោះ។ លោក ស្វាយ សំអ៊ាង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា «ក្នុងនាមរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ខ្ញុំកំពុងចាត់ចែងឲ្យមន្រ្តីសាលាខេត្ត ធ្វើការពិនិត្យទំហំ នៃការខូចខាតនេះហើយបន្ទាប់មកខេត្ត នឹងធ្វើការសាងសង់ផ្ទះជូនគ្រួសាររងគ្រោះខាងលើនេះ ឲ្យមានផ្ទះសម្បែងសម្រាប់ជ្រោកកោនឡើងវិញផងដែរ»