(ភ្នំពេញ​)៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចាប់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧​ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​និង​ចេញ​សែក​អត់​សាច់​ប្រាក់​ចំនួន​២៧ម៉ឺន​ដុល្លារ​អាមេរិក​។​ ជនត្រូវចោទ​ ត្រូវ​បាន​នគរបាល​បញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២៤​ ខែ​មីនា​ ដើម្បី​ចាត់ការតាម​ច្បាប់​ ។​

ទន្ទឹម​នេះ​ ដើម​បណ្ដឹង​សំណូមពរ​ដល់​ លោក​ កើត​ សាំង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ មេត្តា​ចាត់ការ​ជនត្រូវចោទ​តាម​ច្បាប់​កុំ​មាន​ការ​លើកលែង​ ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់​និង​យុត្តិធម៌​ ដែល​ដាក់​ចេញ​ដោយ​ប្រមុខរាជ​រាជរដ្ឋាភិបាល​កម្ពុជា​ ។

នគរបាល​ បញ្ជាក់​ថា​ បុរស​រូប​នេះ​ឈ្មោះ​ សុខ​ ផារ៉ា​ អាយុ​៣៤ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤៨ក​ ផ្លូវ​ម៉ៅសេទុង​ សង្កាត់​ទួលទំពូង​​២​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។​ រីឯ​ដើម​បណ្ដឹង​មាន​ឈ្មោះ​ អ៊ឹង​ សុទ្ធី​ ភេទ​ប្រុស​ អាយុ​៣១ឆ្នាំ​ ។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ កាលពី​ថ្ងៃទី​១១​ ខែ​មិថុនា​ ឆ្នាំ​២០១៤​ ឈ្មោះ​ សុខ​ ផារ៉ា​ បាន​លួងលោម​ដើម​បណ្ដឹង​ ឲ្យ​ប្រគល់​ប្រាក់​ចំនួន​១០ម៉ឺន​ដុល្លារ​អាមេរិក​ ដើម្បី​យក​ទៅ​រកស៊ី​ជំនួញ​ផ្ទាល់​ខ្លួន​ ដោយ​សន្យា​ថា​នឹង​សង​ប្រាក់​មក​វិញ​។​ លុះ​ដល់​ថ្ងៃ​កំណត់​ ឈ្មោះ​ សុខ​ ផារ៉ា​ គេចវេះ​ពុំ​ព្រម​សង​ប្រាក់​នោះ​ទេ​ ។

នៅ​ថ្ងៃទី​១១​ ខែ​សីហា​ ឆ្នាំ​២០១៥​ ឈ្មោះ​ សុខ​ ផារ៉ា​ បាន​លួងលោម​ដើម​បណ្ដឹង​ម្តង​ទៀត​ ឲ្យ​ប្រគល់​ប្រាក់​ចំនួន​១៦ម៉ឺន​ដុល្លារ​អាមេរិក​ ដោយ​សន្យា​សង​វិញ​ក្នុង​រយៈពេល​៣ខែ​ ហើយ​នៅ​ថ្ងៃទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ ឈ្មោះ​ សុខ​ ផារ៉ា​ បាន​មក​យក​ប្រាក់​បន្ថែម​ទៀត​ចំនួន​១២០០០ដុល្លារ​អាមេរិក​។​ ប៉ុន្តែ​ប្រាក់​ទាំង​អស់​នេះ​ ឈ្មោះ​ សុខ​ ផារ៉ា​ បាន​គេចវេះ​ពុំ​ព្រម​សង​វិញ​ឡើយ​ ។

ប្រភព​ព័ត៌មាន​ បន្តថា​ ឈ្មោះ​ សុខ​ ផារ៉ា​ បាន​ចេញ​មូលប្បទានប័ត្រ​មួយ​សន្លឹក​លេខ​០០០៨២៨៧​ ចុះ​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០១៥​ ទឹក​ប្រាក់​ចំនួន​១៥ម៉ឺន​ដុល្លារ​អាមេរិក​ ។​ ប៉ុន្តែ​ពេល​ទៅ​បើក​ប្រាក់​ ខាង​ធនាគារ​បញ្ជាក់​ថា​ គ្មាន​សាច់​ប្រាក់​ឡើយ​ ។

បញ្ហា​នេះ​ ដើម​បណ្ដឹង​ស្នើ​ឲ្យ​តុលាការ​ចាត់​ការ​ ឈ្មោះ​ សុខ​ ផារ៉ា​ តាម​ច្បាប់​ ទាមទារ​សំណង​ចំនួន​២៧ម៉ឺន​ដុល្លារ​អាមេរិក​ និង​ ប្រាក់​ជំងឺ​ចិត្ត​ចំនួន​១៥ម៉ឺន​ដុល្លារ​អាមេរិក​៕