(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពី «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ត្រូវបានរាជរដ្ឋាភិបាលអនុម័តរួចរាល់ ហើយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។ នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។

បើតាមលោក ផៃ ស៊ីផាន ច្បាប់ស្តីពី «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» គឺជាផែនទីបង្ហាញផ្លូវរយៈពេលវែង ដែលផ្តោតលើសសរស្តម្ភចំនួនពីរ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។

ក្នងនោះប្រព័ន្ធជំនួយសង្គម មានធាតុផ្សំចំនួន៤ រួមមាន៖ ការឆ្លើយតបទៅនឹងគ្រោះអាសន្ន, ការអភិវឌ្ឍមូលធនមនុស្ស, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និង សុខុមាលភាពសម្រាប់ប្រជាជនងាយរងគ្រោះ។ ដោយឡែកប្រព័ន្ធសន្តិសុខសង្គមមានធាតុផ្សំ៥ រួមមាន៖ សោធន, ថែទាំសុខ, ភាព, ហានិភ័យការងារ និង និកម្មភាព ពិការភាព។

លោក ផៃ ស៊ីផាន បានបញ្ជាក់ដែរថា ច្បាប់ស្តីពី «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ក៏ជាការកំណត់ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការធានាឲ្យបាននូវសន្តិសុខ ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។

ក្របខណ្ឌគោលនយោបាយនេះ ក៏ជាការរួមចំណែកធ្វើការបន្ស៊ី ប្រមូលផ្តុំ និងពង្រឹងកម្មវិធី ដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពនៃរបប ឬកម្មវិធីទាំងឡាយ ក្នុងប្រព័ន្ធគាំពារសង្គមទាំងមូល រួមទាំងការពង្រីកវិសាលភាព ដែលតូចចង្អៀតនៅឡើយ ដើម្បីឆ្លើយតបតម្រូវការសេវាថែទាំសុខភាព ព្រមទាំងហានិភ័យផ្សេងៗទៀត។

លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ដែរថា ការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានដាក់ចេញនៅក្នុង ក្របខ័ណ្ឌគោល​នយោបាយ​ជាតិគាំពារសង្គម ២០១៦-២០២៥នេះ ត្រូវគិតគូរដល់បញ្ហាប្រឈមជាក់ស្តែង ក្នុងពេលអនុវត្តពីព្រោះ​សកម្មភាពកំណែទម្រង់មួយចំនួន ទាមទារឲ្យមានបុរេលក្ខខណ្ឌសមស្រប ទៅតាមស្ថានភាពជាក់ស្តែង នៃសេដ្ឋកិច្ច និងនយោបាយ។ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នមានសមត្ថកិច្ចអង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានា គឺជាកត្តាសំខាន់ ដើម្បីសម្រេចជោគជ័យក្នុងការធ្វើកំណែទម្រង់។

ក្នុងសេចក្តីព្រាងច្បាប់ស្តីពី «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» បានរកឃើញថា បញ្ហាប្រឈមចម្បង នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា គឺវិសាលភាពមិនទាន់គ្របដណ្តបចំពោះប្រជាជនគ្រប់រូប និងកង្វះកម្មវិធីជាក់លាក់មួយចំនួន ដើម្បីឆ្លើយតបចំពោះហានិភ័យ ដែលអាចកើតមានក្នុងដំណាក់កាលណាមួយនៃវដ្តជីវិត។

ផ្នែកជំនួយសង្គម ប្រជាជនក្រីក្រ និងងាយរងគ្រោះបានទទួលនូវការគាំពារផ្នែកសុខភាព តាមរយៈការដាក់ឲ្យដំណើរការ​មូលនិធិសមធម៌ ទន្ទឹមនឹងការទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជាទុនសម្រាប់ការស្វែងរកការងារធ្វើ ព្រមទាំងការទទួលបានសេវាលើកកម្ពស់សម្បទាវិជ្ជាជីវៈ ពីមូលនិធិជនពិការ។ ផ្នែកសន្តិសុខសង្គមបច្ចុប្បន្ន មន្រ្តីសាធារណៈទទួលបានការគាំពារនៅពេលចូលនិវត្តន៍ និងពេលបាត់បង់សមត្ថភាពការងារពី ប.ជ.ស និង ប.ជ.អ ចំណែកហានិភ័យក្នុងការបាត់បង់ការងារ ក៏មិនទាន់មានការការពារ៕