(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ សហការជាមួយ​កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការ ចុះត្រួតពិនិត្យការស្នាក់ និងធ្វើការរបស់ជនជាតិ​វៀតណាម​ ក្នុងរោងសិប្បកម្មកែច្នៃឈើ តាមផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាលទ្ធផលលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា នៅពេលចុះត្រួតពិនិត្យនោះ ជនជាតិវៀតណាមចំនួន២១នាក់ មានស្រី៤នាក់ ត្រូវបានឃាត់ខ្លួនដោយសារគ្មានឯកសារ​ត្រឹមត្រូវ។

លោកបានបញ្ជាក់ថា «ពួកគេបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ»

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕