​​(កណ្តាល)៖ ដើម្បីបំពេញសេចក្តីត្រូវការជាចាំបាច់សម្រាប់ការរៀនសូត្រ របស់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ស្អាង នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្រេចផ្តល់ជូន​អគារសិក្សាបន្ថែមទៀត ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

ស​ម្តេចនាយករដ្ឋមន្រ្តី បានចាត់ឲ្យលោកឧកញ៉ា ស៊ីវ ថៃ ទីប្រឹក្សាសម្តេច និងជាអនុប្រធានក្រុមការងារ​គណៈពង្រឹងមូលដ្ឋាន​ស្រុកស្អាង និងលោកស្រី ទទូលរ៉ាប់រងការងារនេះ។ បន្ទាប់ពីទទួលបានការណែនាំ និងចាត់តាំងពីប្រមុខរាជរដ្ឋាភិបាល​ហើយនោះអគាសិក្សា១ខ្នងនៅវិទ្យាល័យ ហ៊ុន សែន ស្អាង ត្រូវបានរៀបចំបញ្ចុះបឋមសិលាសាងសង់ក្រោមវត្តមានលោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ដែលមានប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រមាណជា១០០០នាក់ចូលរួមផងដែ នៅក្នុងសប្តាហ៍នេះ។

នៅពិធីនោះលោកបណ្ឌិត ម៉ៅ ភិរុណ បានថ្លែងថា មនុស្សគ្រប់រូបត្រូវប្រកាន់ខ្ជាប់ការខិតខំប្រឹងប្រែងទើបទទួលបានជោគជ័យ ភាពជោគជ័យមិនអាចកើតមានឡើងទេ បើគ្មានការប្រឹងប្រែង ដូច្នេះក្មួយៗកំពុងសិក្សា និងត្រៀមប្រឡង​ឆ្នាំនេះត្រូវខិតខំ​យកទុករៀនសូត្រ ទាំងនៅសាលា និងនៅផ្ទះដើម្បីទទួលបានជោគជ័យ។

លោក ឌិត ទីណា បានលើកឡើងថា «ក្នុងនាមជាអ្នកបន្តវេណក្នុងការកសាងប្រទេសជាតិ សិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្យ និងបង្កើតគំនិតថ្មីៗ ហើយចូលរួមចំណែកក្នុងសង្គមយើងផងដែរ បន្ថែពីលើនេះទៅទៀត​ មាតាបិតាដែលជាអាណាព្យាបាលសិស្សត្រូវណែនាំកូនៗ របស់ខ្លួនបន្ថែមទៀត ក្រៅពីការបង្រៀនរបស់លោកគ្រូ អ្នកគ្រូនៅឯសាលា កុំឲ្យយុវជនទាំងនោះមានការប៉ះពាល់ទៅដល់គ្រឿងញៀន និងប្រព្រឹត្តអំពើដែលមិនល្អនៅក្នុងសង្គម ឲ្យពួកគេងាកមករកកីឡាដើម្បីសុខភាពវិញ»

ក្រោយពីមតិសំណេះសំណាលរួច គណៈអធិបតីក៏បានចែកអំណោយជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រជាពរដ្ឋ និងអាជា្ញធរដែនដីដែលបានអញ្ជើញចូលរួមក្នុងអង្គពិធីអស់ប្រមាណ20,000,000 រៀលផងដែរ៕