(ភ្នំពេញ)៖ ក្រោយពីមានការទម្លាក់អត្រាការប្រាក់ឥណទាន (កម្ចី) មកត្រឹមតែ១៨% ក្នុងមួយឆ្នាំ ឬ១.៥%ក្នុងមួយខែរបស់​រាជ​រដ្ឋាភិបាលនោះ, កន្លងមកមានអ្នកវិភាគសង្គមមួយចំនួន បានលើកឡើង និងព្រួយបារម្ភថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចនឹងលុបបំបាត់កម្ចីខ្នាតតូច ដែលនឹងប៉ះពាល់ដល់អ្នកដែលត្រូវការកម្ចីខ្នាតតូច។ ដើម្បីជាការឆ្លើយតបទៅនឹងមតិទាំងនេះ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកឧកញ៉ា ហួត អៀងតុង បានពន្យល់ថា អត្រាការ​ប្រាក់១៨% គឺមិនប៉ះពាល់ទៅដល់កម្ចីខ្នាតតូចនោះឡើយ សម្រាប់កម្ចីខ្នាតតូចនៅតែផ្ដល់ជូន អតិថិជនជាធម្មតា។

ការពន្យល់បែបនេះ របស់លោកឧកញ៉ា ធ្វើឡើងក្នុងសន្និសីទ ស្តីពីការដាក់ពិដានអត្រាការប្រាក់ របស់​ធនាគារជាតិ​នៃកម្ពុជា ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលរៀបំឡើងនៅសណ្ឋាគារអ៉ីនធើកុងទីណង់តាល់ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ។

លោកថា «ការកំណត់អត្រាការប្រាក់ របស់រាជរដ្ឋាភិបាល គឺមិនបានកំណត់ទំហំទុនទេ ទោះបីជាផ្ដល់កម្ចី១ម៉ឺនដុល្លារ, ៥ពាន់ដុល្លារ ឬ៥០០ដុល្លារ ក៏មិនអាចយកអត្រាការប្រាក់ខ្ពស់ជា១៨% នោះឡើយ»

លោកបានបន្ដទៀតថា «កម្ចីត្រឹម៣ពាន់ដុល្លារឡើងទៅ អត្រាការប្រាក់ត្រឹម១៨% គឺអាចទៅរួច ប៉ុន្ដែ​កម្ចីក្រោមនេះអាចមានការលំបាកបន្តិច ប៉ុន្ដែទោះបីជាយ៉ាងណាក្ដីយើង នៅតែព្យាយាមចាប់យកកម្ចី៥០០ដុល្លារ, ១ពាន់ដុល្លារ, ២ពាន់​ដុល្លារ ដើម្បីឲ្យកម្ចីខ្នាតតូចដំណើរការទៅធម្មតា»

ជាមួយគ្នានោះ លោក សុខ វឿន សមាជិកក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងដែរថា កម្ចីដែលមានទំហំ​ធំជាង៣ពាន់ដុល្លារឡើងទៅ គឺមាន៦០-៧០ភាគរយ ប៉ុន្ដែចំនួនអតិថិជនគឺមានតិចតួច ហើយកម្ចីដែលតូចជាង៣ពាន់ គឺមានត្រឹមតែ៣០ភាគរយប៉ុណ្ណោះ តែសម្រាប់អតិថិជនវិញ គឺមានរហូតទៅដល់៧០-៨០ភាគរយ។

លោកបានថ្លែងបន្ដទៀតថា «សម្រាប់ជាមតិរបស់ខ្ញុំ ការកំណត់អត្រាការប្រាក់ត្រឹម១៨ភាគរយ គឺមិនអាចធ្វើឲ្យមានការដួលរំលំ ​គ្រឹះស្ថានណាមួយឡើយ ព្រោះគ្រឹះស្ថាននីមួយៗ មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយមួយវិញទៀតទៅថ្ងៃអនាគត អាចមិនមានគ្រឹះស្ថានណា​មួយ ដែលអាចនឹងបញ្ជូលគ្នានោះឡើយ»

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈធនាគារជាតិ បានសម្រេចទម្លាក់អត្រាការប្រាក់​ឥណទាន (កម្ចី) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ពីជាង៣០%ក្នុងមួយឆ្នាំ មកនៅត្រឹម១៨%ប៉ុណ្ណោះក្នុង១ឆ្នាំ។ ការទម្លាក់ការប្រាក់ឥណទានមកម្រិត១៨% ក្នុងមួយឆ្នាំ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ តទៅជាកំហិត។

ការកំណត់អត្រាការប្រាក់ខ្ពស់បំផុត១៨% ក្នុងមួយឆ្នាំនេះ ដើម្បីរួមចំណែកគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការការពារផលប្រយោជន៍ ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ​​ក្រីក្រ ទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រ ការពារអតិថិជនពីការគិតការប្រាក់អត្រាខ្ពស់ពេក ពីគ្រឹះស្ថាន មីក្រូហិរញ្ញ​វត្ថុ និងជំរុញការប្រើប្រាស់ឥណទានឲ្យកាន់​តែមានប្រសិទ្ធិភាព តាមរយៈការផ្ដល់ឥណទានពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយមាន​ការប្រុងប្រយ័ត្នខ្ពស់ជាងមុន៕