(ភ្នំពេញ)​៖ បន្ទាប់ពីបើកសវនាការ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មីនា ឆ្នាំ២០១៧​នេះ​ តុលាការកំពូល បានសម្រេចថា នឹងប្រកាសសាលដីកា សំណុំរឿងនៅក្រៅឃុំរបស់ ​​​លោក​ នី​ ចរិយា​ អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គជប)​ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។

លោក​ នី​ ចរិយា​ ត្រូវបានតុលាការចោទប្រកាន់ពី​​បទ​ «សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​ ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ កាលពី​អំឡុង​ខែ​មីនា​ ខែ​មេសា​ ឆ្នាំ​២០១៦​។ លោកបានបរាជ័យនៅក្នុងស្នើសុំនៅក្រៅឃុំជាបន្តបន្ទាប់ នៅសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍។

គួរ​បញ្ជាក់​ថា​ ក្នុង​សំណុំ​រឿង​នេះ​ មាន​ជនត្រូវចោទ​៥នាក់​ ហើយ​ត្រូវ​បាន​តុលាការ​រកឃើញថា​ បាន​បញ្ចុះបញ្ចូល​ ឬ​ លួងលោម​ កញ្ញា​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ មិន​ឲ្យ​និយាយ​ការ​ពិត​ដល់​សមត្ថកិច្ច​ ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម​ សុខា​ ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​ ៕