(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តរួចរាល់ហើយ ដោយគ្មានការកែប្រែលើខ្លឹមសារដើម នោះឡើយ។ នេះបើយោងតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ការអនុម័តបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមអធិបភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក ផៃ ស៊ីផាន បានឲ្យដឹងថា ច្បាប់សី្តពីឧបាស្រ័យពាណិជ្ជកម្មនេះ ធ្វើឡើងសម្រាប់ការពារដល់ផលិតកម្ម និង ឧស្សាហកម្មកម្ពុជាពីផលប៉ះពាល់នៃការលក់បន្ទាបថៃ្លខុសពីប្រក្រតី នៃទំនិញដែលនាំចូលមកលក់នៅកម្ពុជា ព្រមទាំង ផ្តល់ទំនុកចិត្ត និងធើ្វជាខែលការពារវិនិយោគិនក្នុងស្រុក និងបទេស ដែលបានបណ្តាក់ទុននៅកម្ពុជា តាមរយៈការដាច់ចេញនូវគោលការណ៍ យន្តការ និងនីតិវិធីនានាសម្រាប់ជួយធានាដល់ការប្រក្រតួប្រជែងដោយសុរិចត និងស្មោះត្រង់ រវាងផលិតករ ពាណិជ្ជករ ដែលផលិត និងលក់ផលិតផលក្នុងស្រុក ជាមូយនិងផលិតករបរទេស និងពាណិជ្ជករ ដែលបាននាំចេញនូវផលិតដូចគា្នមកលក់នៅកម្ពុជា។

ច្បាប់នេះនឹងជួយការពារនូវផលិតកម្ម និងឧស្សាហកម្មក្នុងស្រុក ពីការហូរចូលយ៉ាងគំហុក នៃផលិតផលបរទេសមកកាន់ទីផ្សារកម្ពុជា ដែលជាបច្ច័យមិនល្អ និងបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ឬគំរាមគំហែងមិនឲ្យឧស្សាហកម្មរីកចំរើនបាន ព្រមទាំងអាចបន្ទុចបង្អាក់ដល់ការវិនិយោគក្នុងស្រុក និងវិនិយោគបរទេស ដែលគ្រោងចូលមកបណ្តាក់ទុននៅកម្ពុជា។

បើតាមលោក ផៃ ស៊ីផាន ច្បាប់ឧបាស្រ័យពាណិជ្ជកម្ម ក៏នឹងផ្តល់លទ្ធភាព ក្នុងការដំឡើងអត្រាពន្ធឧបាស្រ័យពាណិជ្ជកម្ម ទៅលើផលិតផល នាំចូលដែលអាចបង្កមហន្តរាយដល់ផលិតកម្ម និងឧស្សាហកម្មកម្ពុជា លើសពីអត្រាពន្ធដែលកម្ពុជា បានចង និងបានសន្យានៅក្នុងក្រប ខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ប្រសិនបើចាំបាច់៕