(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចាត់ទុកសន្និសីទព័ត៌មាន ដែលរៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិល ក្រោមប្រធានប្រធាន «រស់ជាតិល្វីងនៃស្ករអំពៅនៅប្រទេសកម្ពុជា» គឺជាសន្និសីទព័ត៌មានមួយ ដែលមានចរិតចិញ្ចឹមបញ្ហានាំឲ្យប៉ះពាល់ដល់កិត្តិនាម សណ្តាប់ធ្នាប់សង្គម សន្តិភាព ការឯកភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា។

ប្រតិកម្មរបស់ក្រសួងពាណិជ្ជកម្ម បានធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិលរួមមាន អង្គការអាក់សិនអេតកម្ពុជា (ActionAid Cambodia) អង្គការសមធម៌កម្ពុជា (Equitable Cambodia) និង អង្គការហេនរិចបូលប្រចាំនៅកម្ពុជា (Heinrich Boll Stiftung Cambodia) កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ បានធ្វើសន្និសីទព័ត៌មានរួមគ្នាមួយក្រោមប្រធានបទ «រស់ជាតិល្វីងនៃស្ករអំពៅនៅប្រទេសកម្ពុជា៖ ការចាកចេញដោយបង្ខំចិត្ត និងការដកហូតសិទ្ធិកាន់កាប់​ដីធ្លីក្នុងខេត្តឧត្តរមានជ័យ»។

ក្នុងសន្និសីទនោះ អង្គការសង្គមស៊ីវិល បានលើកបង្ហាញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋពីសំណាក់ក្រុមហ៊ុនវិនិយោគដាំស្ករអំពៅរួមមាន ក្រុមហ៊ុនដាំអំពៅ Angkor Sugar ក្រុមហ៊ុន Cambodia Cane and Sugar Valley និងក្រុមហ៊ុន Tonle Sugar Cane នៅក្នុងស្រុកសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់អង្គការសង្គមស៊ីវិលនេះ ក្រសួងពាណិជ្ជកម្ម បានធ្វើសេចក្តីថ្លែងការណ៍មួយនៅថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០១៧ បញ្ជាក់ពីការយកចិត្តទុកដាក់ស្វែងរកដំណោះស្រាយជូនក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋ។ បើតាមសេចក្តីថ្លែងការណ៍ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារពិសេសដើម្បី​សហការជាមួយស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងក្រុមការងារអន្តរស្ថាប័ន សម្រាប់ដោះស្រាយបញ្ហាដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករនាំចេញ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា ក្រុមការងារពិសេស និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានជួបប្រជុំពិភាក្សាជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ចំនួន ៦លើករួចហើយ និងនាពេលថ្មីៗនេះ តំណាងក្រុមការងារពិសេស បានជួបពិភាក្សាទាំងនៅបរទេស និងនៅក្នុងស្រុកជាមួយលោកស្រីស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាផងដែរ។

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារពិសេស និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានឯកភាពលើលក្ខខណ្ឌយោង (TOR) កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ និងបានស្នើអ្នកជំនាញការកែសម្រួលលើរបាយការណ៍បឋមបណ្តោះអាសន្នតាមការស្នើសុំកែសម្រួល និងផ្តល់យោបល់ពីអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ផងដែរពីជំហរ និងឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយលើបញ្ហានេះ «ស្មារតីខាងលើនេះ បានបញ្ជាក់យ៉ាងច្បាស់នូវគោលជំហរ និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរកដំណោះស្រាយប្រកបដោយតម្លាភាពជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅនៅកម្ពុជា»

សម្រាប់ជម្លោះនៅខេត្តឧត្តរមានជ័យនេះ ក្រុមហ៊ុនវិនិយោគបានបញ្ឈប់ការវិនិយោគចាប់តាំងពី មានការតវ៉ាទាមទាររបស់ប្រជាពលដ្ឋ រីឯដីដែលមានបញ្ហារាជរដ្ឋាភិបាលបានដោះស្រាយជូនប្រជាពលរដ្ឋរួចហើយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម។

តាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រសួងពាណិជ្ជកម្ម ក៏បានព្រមានផងដែរថា ប្រសិនបើក្រសួងរកឃើញមានបុគ្គលណា ឬ ជនឆ្លៀតឱកាសទាំងឡាយដែលមកតវ៉ា ហើយមិនរងផលប៉ះពាល់ពិតប្រាកដពីដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅ រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការចំពោះជនឆ្លៀតឱកាសទាំងនោះតាមច្បាប់ និងបញ្ញត្តិជាធរមានរបស់កម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០០៨ បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទំហំ ១៩,៧៣៦ ហិកតា នៅក្នុងស្រុកសំរោង និងស្រុកចុងកាល់ ទៅឲ្យក្រុមហ៊ុន Cambodia Cane and Sugar Valley និងក្រុមហ៊ុន Tonle Sugar Cane ដាំអំពៅផលិតជាស្ករនាំចេញទៅក្រៅប្រទេស។ របាយការណ៍របស់អង្គការសង្គមស៊ីវិល បានឲ្យដឹងទៀតថា មានប្រជាពលរដ្ឋជាង ២,០៧៣គ្រួសារ នៅក្នុងភូមិចំនួន២៦ បានរងផលប៉ះពាល់ពីគម្រោងនេះ៕