(ភ្នំពេញ)​៖ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មីនា​នេះ​ បានចាប់ផ្ដើម​សវនាការ​រឿង​ក្ដី​ លោក​ នី​ ចរិយា​ អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គជប)​ ជាមួយ​នឹង​ការ​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង​ ។

ក្រុម​អ្នក​សារព័ត៌មាន​ពុំ​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​តុលាការ​កំពូល​ ដើម្បី​ផ្តិត​យក​រូបភាព​នោះ​ទេ​ ពួកគេ​បាន​ត្រឹម​ឈរ​ក្បែរ​របង​តុលាការ​ប៉ុណ្ណោះ​ ។​ មួយ​រយៈ​ចុងក្រោយ​នេះ​ ក្រុម​អ្នក​សារព័ត៌មាន​ ហាក់​ត្រូវ​បាន​ហាមប្រាម​ជា​បន្តបន្ទាប់​ចំពោះ​រឿង​ក្តី​រសើប​មួយ​ចំនួន​ តួយ៉ាង​ដូច​ករណី​ ជនជាប់ចោទ​ អឿត​ អាង​ ហៅ​ជួប​ សម្លាប់​ នៅ​ឯ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ជា​ដើម​ ។

លោក​ សំ​ សុគង់​ ជា​មេធាវី​ការពារ​ក្ដី​លោក​ នី​ ចរិយា​ ថ្លែង​ថា​ សវនាការ​នេះ​ គឺ​ ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​លោក​ នី​ ចរិយា​ ។

ឯកសារ​ពី​តុលាការ​កំពូល​​ បង្ហាញ​ថា​ លោក​ នី​ ចរិយា​ ជាប់​ចោទ​ពី​បទ​ «សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​ ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ កាលពី​អំឡុង​ខែ​មីនា​ ខែ​មេសា​ ឆ្នាំ​២០១៦​ ។

គួរ​បញ្ជាក់​ថា​ ក្នុង​សំណុំ​រឿង​នេះ​ មាន​ជនត្រូវចោទ​៥នាក់​ ហើយ​ត្រូវ​បាន​តុលាការ​រកឃើញថា​ បាន​បញ្ចុះបញ្ចូល​ ឬ​ លួងលោម​ កញ្ញា​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ មិន​ឲ្យ​និយាយ​ការ​ពិត​ដល់​សមត្ថកិច្ច​ ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ៕