(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់តាំងតំណាងម្នាក់របស់ ក្រសួងមហាផ្ទៃ ដើម្បីជួបពិភាក្សាជាមួយគណបក្សប្រឆាំង ពាក់ព័ន្ធនឹងករណីធ្វើសមាជរៀបចំក្បាលម៉ាស៊ីនថ្មីរបស់បក្សខុសលក្ខន្តិកៈ។

ការចាត់តាំងតំណាងនេះ បានធ្វើឡើងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានរៀបចំលិខិតផ្លូវការមួយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ ដើម្បីសុំជួបសម្តេចក្រឡាហោម ស ខេង ពន្យល់អំពីការរៀបចំសមាជរបស់ខ្លួន កាលពីដើមខែមីនា។ លិខិតរបស់គណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពី ក្រសួងមហាផ្ទៃ បានជូនដំណឹងថា សមាជរបស់គណបក្សសង្រ្គោះជាតិ រើសតាំងប្រធាន និងអនុប្រធានថ្មី ខុសលក្ខន្តិកៈនោះ ហើយក្រសួងនេះ ក៏ស្នើឱ្យគណបក្សសង្រ្គោះជាតិដូរសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ផងដែរ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា តំណាងក្រសួងមហាផ្ទៃ ដែលត្រូវជួបពិភាក្សាជាមួយបក្សប្រឆាំងនាពេលខាងមុខនេះ គឺលោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាល នៃក្រសួងមហាផ្ទៃ។ លោកថ្លែងថា ការជួបនោះ គឺជាជំនួបថ្នាក់បបច្ចេកទេស មិនមាននៅក្នុងក្របខណ្ឌនយោបាយនោះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិ បានរៀបចំសមាជដើម្បីជ្រើសរើស ក្បាលម៉ាស៊ីនដដឹកនាំថ្មីរបស់ គណបក្សបន្ទាប់ពី លោក សម រង្ស៊ី លាចេញពីតំណែង។ បន្ទាប់ពីធ្វើសមាជនេះ បក្សប្រឆាំងបានបោះឆ្នោតគាំទ្រឱ្យ លោក កឹម សុខា ធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ ហើយមានអនុប្រធាន ៣នាក់ រួមមាន លោក ប៉ុល ហំម, លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង។ ជាមួយគ្នានេះ បក្សប្រឆាំងក៏បានបង្កើតសារនយោបាយមួយថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ដែលមេឃុំ ចៅសង្កាត់ជាច្រើនចាត់ទុកថា ជាការប្រមាថដល់កិត្តិយសរបស់ពួកគេ។

សូមជំរាបថា ពាក់ព័ន្ធនឹងបញ្ហា ពីម្សិលមិញព្រលប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ សមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ​ លោក នេត ណាត​ បានចេញលិខិតចំហរមួយ ដោយប្រកាសមិនគាំទ្រ ចំពោះសមាជខុសច្បាប់​របស់គណបក្សសង្រ្គោះជាតិ និងទាមទារឲ្យលោក កឹម សុខា លាលែងពីតំណែង។

នៅក្នុងលិខិតរបស់លិខិចំហររបស់លោក នេត ណាត បានសរសេរបញ្ជាក់ថា «លក្ខន្តិកៈរបស់គណបក្ស គឺជាច្បាប់កំពូល​របស់គណបក្ស ដែលទាំងអស់គ្នា​ត្រូវតែគោរព និងត្រូវអនុវត្តតាមយ៉ាង​ម៉ឺងម៉ាត់បំផុត។ គ្រប់គ្នាបានដឹងច្បាស់ថា ការរៀបចំសមាជ​វិសាមញ្ញ​ដើម្បីជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំរបស់​គណ​បក្សសង្រ្គោះជាតិ​កន្លងទៅ គឺធ្វើឡើងយ៉ាងតក់​ក្រហល់ និងពុំមានការគាំទ្រ​ពីសមាជិក-សមាជិកា​ភាគ​ច្រើនរបស់គណបក្សសង្រ្គោះជាតិ​នោះទេ ពិសេសមកពីកូតា​គណបក្ស សម រង្ស៊ី»