(ភ្នំពេញ)៖ តារាសម្ដែងល្បីស្រីស្អាតសាច់សខ្ចី កញ្ញា ពេជ្រ អាវីហ្សា បានបើករថយន្តមួយគ្រឿងទៅបុកជាមួយ ម៉ូតូកូនទាដែលជិះដោយបុរស២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ និងខូចខាតម៉ូតូយ៉ាងដំណំដែលគៀបក្រោមកង់រថយន្ត។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៖១០នាទី អធ្រាត្រឆ្លងចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ តាម​បណ្ដោយ​ផ្លូវសុធារស ស្ថិតក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបង្ករឡើងដោយកញ្ញា ពេជ្រ អាវីហ្សា ជាតារាសិល្បៈ ស្នាក់នៅផ្សារអូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជិះរថយន្តម៉ាក ឡិចស៊ីស GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-2141 និងភាគីម៉ូតូជិះដោយបុរស២នាក់ ម៉ាក Today ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1FL-3864។

ប្រជាពលរដ្ឋឃើញហេតុការណ៍ ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គឺយុវជនពីរនាក់ ជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវសុធារស ពីត្បូងទៅជើងក្នុងសភាពស្រវឹងស្រឿងៗរ៉េពេញផ្លូវលឿនល្មម ខណៈមកដល់កន្លែងកើតហេតុក្បែរប៉ុស្ដិ៍ប៉ូលិសសង្កាត់ទន្លេបាសាក់នោះ ស្រាប់តែទៅបុកជាមួយរថយន្តរបស់កញ្ញា ពេជ្រ អាវីហ្សា ដែលបើកបរពីត្បូងទៅជើង(បញ្ច្រាស) ក្នុងល្បឿនលឿនល្មដូចគ្នាធ្វើឲ្យរថយន្តអូសម៉ូតូ នៅពីក្រោមជាង២០ម៉ែត្រ បណ្ដាលឲ្យបុរសទាំងពីរ រងរបួសធ្ងន់ធ្ងរ រីឯម៉ូតូខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ តារាសម្ដែងស្រីស្អាតមិនបានទៅណាទេ ពោល គឺកញ្ញា អាវីហ្សា បានចុះពីរថយន្តរង់ចាំការ ដោះស្រាយ។ ប៉ុន្តែដោយភាគីម៉ូតូរងរបួសធ្ងន់ សមត្ថកិច្ចក៏ហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូ និងរថយន្ត ត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីដោះស្រាយពេលក្រោយ៕