(ភ្នំពេញ)៖ ស្ថានភាពនយោបាយរបស់ គណបក្សសង្រ្គោះជាតិកំពុងឡើងកម្តៅសឹបៗ បូករួមទាំងក្រសួងមហាផ្ទៃមិនទទួលស្គាល់សមាជជ្រើស តាំងប្រធាន និងអនុប្រធាន និងពិសេសនោះសមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ​ លោក នេត ណា​ បានចេញលិខិតចំហរ មួយដោយប្រកាសមិនគាំទ្រ ចំពោះសមាជខុសច្បាប់​របស់គណបក្សសង្រ្គោះជាតិ និងទាមទារឲ្យលោក កឹម សុខា លាលែងពីតំណែងជាបន្ទាន់ ផងនោះដែរ, នៅយប់នេះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ ចៅចាក់ស្មុក បានស្នើមកកាន់អង្គភាពព័ត៌មាន Fresh News ចេញផ្សាយនូវលិខិតមិត្តអ្នកអានមួយដែលចំណងជើងថា «តើ កឹម សុខា អាចហ៊ានលះបង់សង្រ្គោះ គណបក្ស ដូច សម រង្ស៊ី ឬទេ?», ខាងក្រោមនេះជាខ្លឹមសារ ទាំងស្រុង៖

អ្វីដែលគេទន្ទឹងរង់ចាំបានចេញជាផ្លូវការហើយ ឥឡូវនេះក្រសួងមហាផ្ទៃបានជូនដំណឹងថា ការជ្រើសតាំងមេទ័ពធំថ្មី និងមេទ័ពធំរង ទាំងបីនៃបន្ទាយព្រះអាទិត្យ តាមរយៈសមាជវិសាមញ្ញមិនធម្មតា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧កន្លងទៅ គឺខុសនឹងលក្ខន្តិកៈរបស់បន្ទាយ ត្រង់ប្រការ៤៧ នៃបន្ទាយរបស់ខ្លួនដែលធ្វើឱ្យក្បាលម៉ាស៊ីនដឹកនាំបន្ទាយថ្មី ដែលទើបនឹងជ្រើសតាំងនេះគ្មានសុពលភាពឡើយ។

ស្ថានការណ៍នេះបានរុញច្រានបន្ទាយព្រះអាទិត្យឱ្យជួបនឹងវិបត្តិក្បាលម៉ាស៊ីនដឹកនាំសារជាថ្មី ហើយក៏បានបញ្ជាក់ថា អ្វីដែល សម រង្ស៊ី បានប្រកាស ដោយអំនួតថាខ្លួនសុខចិត្តលា លែងពីតំណែងជាមេទ័ពបន្ទាយព្រះអាទិត្យដើម្បីសង្គ្រោះបក្សក៏ក្លាយទៅជាគ្មានន័យអ្វីដែរ ព្រោះដោយសារតែការ គិតគូរនិងដឹកនាំផ្ទៃក្នុងមិនបានគិតគូរវែងឆ្ងាយ ដើរវង្វេងទិសនូវយុទ្ធសាស្ត្រ និងលក្ខន្តិកៈដែលខ្លួនប្តូរ។ ចង់ដាក់ អន្ទាក់ដៃគូប្រកួត តែទីបំផុត តម្រិះពិតជាជិះកឯង! ដើរមួយជំហានមុនគូរប្រកួតដើម្បីសង្គ្រោះបក្ស តែទីបំផុតដើរចូលអន្លង់មរណៈបានសម្រេច។

អ្វីដែលបន្ទាយព្រះអាទិត្យ កំពុងជួបប្រទះនេះគឺជាវិបត្តិធ្ងន់ធ្ងរទី២ ក្រោយពីការលាលែងរបស់សម រង្ស៊ី តែនៅតែមិនអាចជួយសង្គ្រោះបក្សបាន នៅឡើយទេ។ វាសនាបន្ទាយព្រះអាទិត្យពេលនេះកំពុងស្ថិតក្នុងភាពស្រពិចស្រពិល។ តើ កឹម សុខា អាចហ៊ានលះបង់ដើម្បីសង្គ្រោះបក្សដូចសម រង្ស៊ី ដែរទេនៅពេលនេះ? គេនៅចាំថាប៉ុន្មានថ្ងៃក្រោយពី សម រង្ស៊ី លាលែងពីតំណែងក្រុម សម រង្ស៊ី និយមបានលើកឡើងតាមប្រព័ន្ធទំនាក់ទំនង សង្គមថា ធ្វើយ៉ាងណាសង្គ្រោះគណបក្សឱ្យបាន ទោះលោក កឹម សុខា ត្រូវអស់តំណែងជាអនុប្រធានគណបក្សក៏ដោយ។

ម្យ៉ាងទៀតយើងសង្កេតឃើញថា នៅគ្រប់ពេលដែល យឹម សុវណ្ណ មនុស្សជំនិតរបស់ សម រង្ស៊ី និយាយទៅកាន់សកម្មជននៅមុខ កឹម សុខា គឺយឹម សុវណ្ណ តែងតែស្រែកថា លោកប្រធានសម រង្ស៊ី ហ៊ានលះបង់តំណែងដោយមិនស្តាយស្រណោះ ហេតុអ្វីយើងមិនអាចលះបង់ដែរ? ដើម្បីគណបក្ស! សារនេះក៏ចង់ដាសតឿនដល់ កឹម សុខា ដែរ ថាក្នុងកាលៈទេសៈណាមួយ កឹម សុខា ក៏ត្រូវលះបង់តំណែងដែរ។ សម្រាប់ស្ថានការណ៍នេះ កឹម សុខា ដែលទើបនឹងឡើងធ្វើមេទ័ពថ្មី នៃបន្ទាយព្រះអាទិត្យ ដោយសារតែមានពរជ័យពីទេវតា ហ៊ានធ្វើអ្វីដូចដែល សម រង្ស៊ី ដៃគូនយោបាយ របស់ខ្លួនធ្វើ ដើម្បីសង្គ្រោះបក្សពីការរំលាយដោយសារតែខ្លួនជាប់ទោសឬទេ? ខណៈបន្ទាយខ្លួនមានរយៈពេលតែ៩០ថ្ងៃតែប៉ុណ្ណោះ ដើម្បីជ្រើសតាំង ក្បាលម៉ាស៊ីនដឹកនាំថ្មី ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្ម និងដាក់ឱ្យប្រើប្រាស់នៅដើមខែមីនានេះ ឥឡូវនេះពេលវេលាបានដើរទៅមុខហើយ។ សម្រាប់ពេលនេះ កឹម សុខា អាចបានគិតខ្លះលើសេណារីយ៉ូ តែអ្វីដែលចៅចាក់ស្មុកមើលឃើញ៖

១៖ ទម្រាំនឹងបានឡើងធ្វើមេទ័ពបន្ទាយព្រះអាទិត្យ កឹម សុខា បានអត់ធ្មត់យ៉ាងខ្លាំងដោយប្រឈមមុខបញ្ហាផ្ទៃក្នុង ការប្រកួតប្រជែងឥទ្ធិពល ប៉ុន្តែភាគច្រើននៃអំណាចដែលកឹម សុខា មានគឺបានមកពីការរៀបចំរបស់មេទ័ពទេវតា។ ហេតុដូច្នេះហើយបានជា កឹម សុខា មានតែបីអាសនៈ ប៉ុណ្ណោះ ប៉ុន្តែអាចឡើងគ្រប់គ្រងបានបក្សទាំងមូល។ ឱកាសល្អរបៀបនេះមានប៉ុន្មានដង ក្នុងមួយជីវិតមនុស្សរបស់កឹម សុខា? ទំនងជាគ្មានទៀតទេ ព្រោះល្បិចលេបបក្សត្រូវបានក្រុមសម រង្ស៊ី ដឹងអស់ទៅហើយ។ បែកធ្លាយសារសន្ទនារវាង កឹម សុខា និងបន្ទាយទេវតាលើការរៀប ចំផែនការលេបបក្សក៏ត្រូវបានបែកធ្លាយ រាស្ត្រមួយនគរបានដឹង ទោះបីមិនបង្ហាញការមិនពេញចិត្តជាចំហរ តែនៅ ក្នុងចិត្តខឹងសម្បារ ក្តៅក្រហារ មិនគួរឡើយមកចាញ់ក្រោមដៃរបស់ កឹម សុខា ឡើយ។ ដូច្នេះសេណារីយ៉ូទី១ គឺកឹម សុខា នឹងមិនអាចលាលែងតំណែង លះបង់ដូចសម រង្ស៊ី ឡើយព្រោះខ្លាចអ្វីៗកើតឡើងផ្សេងពីនេះ។

២៖ សេណារីយ៉ូទី២ កឹម សុខា អាចពិចារណាលាលែងពីតំណែងពីប្រធានបក្សសិន និងរៀបចំសមាជសាជាថ្មីដើម្បីជ្រើសមេទ័ព និងមេទ័ពរង សាជាថ្មី សម្រាប់បន្ទាយព្រះអាទិត្យ ក្នុងករណីមានការធានាផ្នែកនយោបាយច្បាស់លាស់ពីក្រុមសម រង្ស៊ី។ សមាជថ្ងៃទី២ ខែមីនា គឺជាសមាជខុស ច្បាប់ដោយសារតែ កឹម សុខា មិនបានលាលែងពីតំណែង ជាប្រធានស្តីទីមកធ្វើជាបេក្ខភាពប្រធានបក្ស តែបែរជាស្ថិតក្នុង តំណែងជាប្រធានស្តីទី បក្សឈរឈ្មោះឱ្យគេបោះឆ្នោតដោយលើកដៃ។ ការបោះឆ្នោតដោយលើកដៃក្នុងការកែប្រែលក្ខន្តិកៈ តែការបោះឆ្នោតលើកដៃដើម្បីជ្រើសរើស មេទ័ពថ្មី និងអនុប្រធានគឺខុសនឹងប្រជាធិបតេយ្យ។ ដូច្នេះនៅក្នុងតម្លៃមួយគឺ កឹម សុខា នឹងប្រើគ្រប់មធ្យោបាយរត់ប្រណាំង នឹងពេលវេលាដែលនៅ សល់ដើម្បីស្រោចស្រង់បន្ទាយរបស់ខ្លួនដើម្បី ចៀសផុតពីការពិន័យបិទទ្វារ។ ម្យ៉ាងទៀតដើម្បីអាចរៀបចំសាមជថ្មីដើម្បីជ្រើសរើសមេទ័ព និងមេទ័ពរងថ្មី ទាល់តែរង់ចាំ ក្រសួងមហាផ្ទៃទទួលស្គាល់លក្ខន្តិកៈដែលកែប្រែសិន។

សំខាន់ពេលនេះតើ កឹម សុខា ហ៊ានលះបង់តំណែងប្រធានបក្សដូច សម រង្ស៊ី ទេ? ប្រសិនបើហ៊ាននោះ កឹម សុខា ត្រូវស្វែងរកការសន្យាពីខាង ក្រុម សម រង្ស៊ី ថាសមាជិក-សមាជិកាអង្គសមាជដែលមានសិទ្ធិជ្រើសរើសថ្នាក់ដឹកនាំបក្ស ហើយគេជឿថា ភាគច្រើនជាកម្លាំងរបស់ សម រង្ស៊ី ពិតជានៅតែគាំទ្រលើខ្លួនទៀតដែរឬយ៉ាងណា? សារសន្ទនាជាសំឡេងរវាង កឹម សុខា និងមេទ័ពវេទតា ពិតជាបានធ្វើឱ្យសកម្មជនមួយចំនួន របស់ខ្លួនបាក់ទឹកចិត្ត និងលែងជឿជាក់លើ កឹម សុខា រហូតដល់អ្នកខ្លះថា កឹម សុខា និងមេទ័ពទេវតាគឺតែមួយ។ តាមពិតទៅសារសំឡេងសន្ទនា នេះ ប្រសិនបើបែកធ្លាយសូម្បីមួយម៉ោងមុនសមាជវិសាមញ្ញ ក៏ កឹម សុខា អាចនឹងសភ្នែកព្រាតដែរ ព្រោះជាសារសន្ទនាមរណៈនយោបាយ។ ប្រសិនបើគ្មានកិច្ចសន្យានយោបាយណាមួយ និងការធានាពីក្រុម សម រង្ស៊ី ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្លួននៅតែជាមេទ័ពធំដដែល នោះ កឹម សុខា នឹងមិនលាលែងឡើយ សុខចិត្តខាំស្មៅ កែកុនជាមួយទេវតាបន្តទៀតដើម្បីបន្តគ្រប់គ្រងបក្ស។

៣៖ បើ កឹម សុខា មិនហ៊ានលះបង់តំណែងមេទ័ពបន្ទាយព្រះអាទិត្យ ដូច សម រង្ស៊ី ដោយមិនដាក់លក្ខខណ្ឌ ដើម្បីបើកផ្លូវឱ្យមានការធ្វើសមាជជាថ្មី ជ្រើសរើសមេទ័ពធំ និងមេទ័ពរងថ្មីទេ។ នោះ កឹម សុខា នឹងត្រូវប្រឈមមុខ នឹងការរិះគន់ផ្ទៃក្នុងបក្សខ្លាំង ខណៈក្រុមមន្ត្រីជាន់ខ្ពស់មួយចំនួន នៃបន្ទាយនេះ មិនស្វាគមន៍ កឹម សុខា ឡើយ និងមានអ្នកខ្លះដើរចេញពីសមាជ ឬគេចចេញឱ្យឆ្ងាយមិនចូលរួមសមាជថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៧ កន្លងទៅដោយសារតែពួកគេគិតថា កឹម សុខា ប្រើល្បិចស្មោគគ្រោកដើម្បីលេបបក្ស និងអនុញ្ញាតឱ្យកូនស្រីខ្លួន កឹម មនោវិទ្យា លូកដៃក្នុងកិច្ចការ ផ្ទៃក្នុងបក្សជ្រៅ។ កឹម សុខា នឹងត្រូវគេចាត់ទុកថា ជាជនកំសាកជាង សម រង្ស៊ី អ្នកនយោបាយ មាន់សម្លរទៅទៀត ហើយបើ កឹម សុខា មិនលាលែង តំណែងពីប្រធានបក្សនៅពេលនេះដើម្បីបើកផ្លូវជាថ្មីឱ្យមាន ការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី តាមលក្ខន្តិកៈទេ នោះពិតជាបញ្ជាក់ ថា កឹម សុខា មិនមានភាពស្មោះត្រង់នៅក្នុងដៃគូនយោបាយទេ តែជាប្រភេទអ្នកនយោបាយឆ្អិនក្បាលស៊ី ក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ ហើយអនាគតនយោបាយ កឹម សុខា អាចនឹងត្រូវក្រុមសម រង្ស៊ី វាយទម្លាក់នៅថ្ងៃណាមួយនៅពេលមានឱកាសល្អមកដល់។

ដើម្បីកសាងឱកាសបន្សាបឥទ្ធិពល កឹម សុខា រក្សាលំនឹងជំនឿលើ សម រង្ស៊ី ក្រុមសម រង្ស៊ី និយមបានរៀបចំឱ្យ ជូឡុង សូមួរ៉ា ភរិយា សម រង្ស៊ី ធ្វើការច្រើនជាងមុន ចុះជាប់មូលដ្ឋានជាមួយ កឹម សុខា ដើម្បីបង្ហាញពីសាមគ្គីភាព និងតួនាទីក្រៅក្តារអុករបស់ សម រង្សី ដើរពន្យល់អ្នកគាំទ្រ នៅមូលដ្ឋានដែលភាគច្រើនគាំទ្រ សម រង្សី។ នេះគឺជាយុទ្ធសាស្ត្រមួយដែលក្រុម សម រង្ស៊ី មិនអាចបណ្តោយឱ្យកឹម សុខា គ្រប់គ្រងឥទ្ធិពល បក្សបានឡើយព្រោះខ្លួនជាអ្នកបោះទុនធំ ឯ កឹម សុខា គឺគ្រាន់តែជាកូនអ្នកបោះទុនតិច តែមិនអាចមានសិទ្ធិអំណាចមកបញ្ជាបក្សស្រេចតែនឹងចិត្ត នោះទេ។ បើសិនជា កឹម សុខា មិនព្រមលាលែងតំណែង ដូច សម រង្ស៊ីទេនោះ បន្ទាយព្រះអាទិត្យអាចនឹងត្រូវរលាយដូចអ្វីដែលពួកគេបាន គិតពីមុន ហើយកំហុសធំធ្លាក់ទៅលើ កឹម សុខា និងក្រុមរបស់គាត់។ នៅពេលនោះគឺជាឱកាសរបស់ក្រុម សម រង្ស៊ី និយមក្នុងការរើខ្លួនបង្ហាញ ឬទ្ធិគ្របលើក្រុម កឹម សុខា វិញម្តង។ បើចៅចាក់ស្មុក ជាកឹម សុខា វិញ នឹងសម្រេចចិត្តលាលែងពីតំណែងមេទ័ពធំភ្លាម ហើយមេទ័ពរងផ្សេង ទៀតដែលជាកូនកើតមុនឪ មាន ប៉ុល ហំម អេង ឆៃអ៊ាង និងមូរ សុខហួរ ក៏ត្រូវក្លាហានលះបង់តំណែងដែរ ហើយនាំគ្នារៀបចំបក្សសាថ្មីដើម្បី ឱ្យទាន់ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខ៕

ដោយ៖ ចៅចាក់ស្មុក