(ម៉ូស្គូ)៖ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានបញ្ជាក់ថា ប្រទេសរបស់លោក មិនបានព្យាយាមចង់ដណ្តើមគ្រប់គ្រងពិភពលោកនោះ​ឡើយ ហើយលោក Li ក៏បានឆ្លៀតឱកាសធ្វើការព្រមានប្រឆាំងទៅនឹងសង្រ្គាមត្រជាក់ ដែលអាចផ្ទុះឡើងថ្មីផងដែរ។ នេះបើតាមការ​ចេញ​ផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅឯប្រទេសអូស្រ្តាលីលោក Li Keqiang បានថ្លែងថា «ទោះបីជាប្រទេសចិនមានការរីកចម្រើននិងលូត​ លាស់ខ្លាំងនាពេលអនាគតយ៉ាងណាក្តី ដាច់ខាតយើងនឹងមិនព្យាយាមចង់ក្តោបក្តាប់ពិភពលោកទាំងមូលឡើយ។ ផ្ទុយទៅវិញយើង​បាន​ត្រៀមលក្ខណៈរួចជាស្រេចដើម្បីធ្វើការសហការជាមួយដៃគូអូស្រ្តាលី សំដៅថែរក្សាសន្តិភាពនៅក្នុងតំបន់របស់យើង»

លោក Li បន្ត​ថា «យើងមិនចង់ឃើញមានការប្រកាន់បក្សពួកម្ខាងៗ ដូចទៅនឹងអ្វីដែលធ្លាប់បានកើតឡើងកាលពីសម័យសង្រ្គាមត្រជាក់នោះ ឡើយដែរ» ហើយលោកនាយករដ្ឋមន្រ្តីចិនបានលើកឡើងថា ទីក្រុងប៉េកាំងចង់បានបរិស្ថានពិភពលោកមួយ ដែលប្រកបដោយស្ថិរភាព។

គួរបញ្ជាក់ថា លោក Li Keqiang បានធ្វើដំណើរទៅដល់អូស្រា្តលីនៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិភាក្សាការងារទាក់ទងប្រធានសន្តិសុខ​និង​ការធ្វើពាណិជ្ជកម្មសេរី ជាមួយនាយករដមន្រ្តីលោក Malcolm Turnbull ក្នុងដំណើរបំពេញទស្សនកិច្ចជាលើកទីមួយរបស់នាយករដ្ឋមន្រ្តី​ចិន​​ទៅ​កាន់ប្រទេសមួយនេះនៅអំឡុងពេលជាងមួយទសវត្សកន្លងទៅនេះ៕