(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារចុះជួបប្រជាពលរដ្ឋ នៅស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ដើម្បីស្ដាប់ពីទុក្ខកង្វល់ និងដោះស្រាយបញ្ហាប្រឈម ជូនពួកគាត់ ព្រមទាំងបានទទួលនូវសំណូមពរមួយចំនួន ពីប្រជាពលរដ្ឋផងដែរ។

បញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋខាងលើ ត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈមួយ ដែលមានការចូលរួមពី តំណាងក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរ-អង្គភាពជំនាញ ជុំវិញខេត្ត ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាង៨៥០នាក់ ហើយលោកនាយឧត្តមសេនីយ៍ ក៏បានធ្វើការ សម្របសម្រួល និងឆ្លើយតបជាដំណោះស្រាយភ្លាមៗ និងបន្តដោះស្រាយជូននៅនឹងមូលដ្ឋានផ្ទាល់តែម្ដង។

វេទិកាសាធារណៈនេះ ប្រារព្ធធ្វើឡើងពេញមួយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ ដោយពេលព្រឹកធ្វើនៅ ស្រុកសាលាក្រៅ និងពេលរសៀល ធ្វើនៅក្រុងប៉ៃលិន។  

ឪពុកម្តាយ អាណាព្យាបាលសិស្ស ប្រជាពលរដ្ឋ មានភាពត្រេកអរយ៉ាងខ្លាំង ដោយបានទទួលស្វាគមន៍វត្តមាន នាយឧត្តមសេនីយ៍ អ៊ី ឈាន យ៉ាងកក់ក្ដៅ ព្រោះជានិច្ចកាល លោកតែងតែគិតគូ ដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិនទាំងមូល គ្រប់ពេលវេលា តាំងពីដើមរហូតដល់បច្ចុប្បន្ន។

តាមរយៈវេទិកាថ្ងៃនេះ បានធ្វើការសម្របសម្រួល ឆ្លើយតប ដោះស្រាយភ្លាមៗ និងបន្តដោះស្រាយនូវរាល់បញ្ហា សំណូមពរនិងក្តី កង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ដែលបានស្នើជូនអង្គវេទិកា របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន។

សូមបញ្ជាក់ថា តាមរយៈកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឲ្យចំគោលដៅការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣ នៅថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានសម្រេច បងើ្កតឲ្យមានក្រុមការងារថ្នាក់ជាតិ ចុះតាមមូលដ្ឋានប្រជាពលរដ្ឋ ដើម្បីផ្សារភ្ជាប់រាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋ តាមរយៈ​គោលដៅ ៣សំខាន់ៗ ​រួមមាន៖ ទី​១-​ចុះ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​មូលដ្ឋាន, ទី​២-​រៀបចំ​វេទិកាសាធារណៈ ស្តាប់និងដោះស្រាយជូន ប្រជាពលរដ្ឋ ​នៅ​ទីកន្លែង និង​ទី​៣-​ដើម្បី​ឆ្លើយតប​គណនេយ្យភាព​សេវា ​របស់​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​កា​រ​ផ្តល់​សេវាជូនដល់​ប្រជាជន​៕