(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយជិត ៣២ម៉ឺនដុល្លារ ដើម្បីសាងសង់អគារសិក្សានៅតាមសាលាចំនួន៤ ស្ថិតក្នុងខេត្តកំពង់ស្ពឺ រតនគិរី និងខេត្តកណ្ដាល។

យោងតាមសេចក្តីជូនព័ត៌មានរបស់ស្ថានទូតជប៉ុន បានឲ្យដឹងថា ថវិកា ៧៥,៤១៥ដុល្លារ នឹងប្រគល់ជូនមន្ទីរអប់រំខេត្តកំពង់ស្ពឺ ប្រើសម្រាប់គម្រោងសាងសង់អគារសិក្សាមួយខ្នង នៅអនុវិទ្យាល័យស្លាបលែង ស្ថិតក្នុងស្រុកបសេដ្ឋ។

ថវិកា ៨៣,០០០ដុល្លារ សម្រាប់គម្រោងសាងសង់អគារសិក្សាមួយខ្នង នៅអនុវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ក្នុងក្រុងបានលុង ខេត្តរតនគិរី។ ថវិកាចំនួន ៨០,៧៥០ដុល្លារទៀត ប្រើសម្រាប់គម្រោងសាងសង់អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាអូរយ៉ាដាវ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលថវិកាទាំងពីរកញ្ចប់នេះ នឹងត្រូវប្រគល់ជូនមន្ទីរអប់រំខេត្តរតនគិរី។

ដោយឡែកថវិកា ៨២,២៤៤ដុល្លារទៀត ប្រើសម្រាប់គម្រោងសាងសង់អគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាគគីរ ក្នុងស្រុកគៀន ស្វាយ ខេត្តកណ្ដាល។

សូមបញ្ជាក់ថា ថវិកាទាំង ៣១៩,៤០៩ដុល្លារខាងលើនេះ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នឹងចុះហត្ថលេខាជាមួយមន្ទីរអប់រំ នៃខេត្តកំពង់ស្ពឹ រតនគិរី និងកណ្តាល នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ នៅស្ថានទូតជប៉ុន៕