(ព្រះវិហារ)៖ តំណាងរាស្រ្តមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា និងអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ខណៈកំពុងចុះ ដល់មូលដ្ឋាន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ ចំពោះសុខភាពរបស់ខ្លួន ព្រមទាំងបានណែនាំឲ្យក្រុមគ្រូពេទ្យ ត្រូវបង្កើនការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានដិតដល់។

ការដាស់តឿនយ៉ាងដូច្នេះ ត្រូវបានលើកឡើងក្នុងពិធីសម្ពោធ អាគារមណ្ឌលសុខភាពបង្អែកស្រុកជាំក្សាន្ត ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីផ្តល់សេវាពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក៏ដូចគ្រួសារ កងទ័ពនៅទីនោះ។ អាគារមណ្ឌលសុខភាពនេះ មានទទឹង៧.៥ម៉ែត្រ និងបណ្តោយ១៨.៥ម៉ែត្រ។

លោក សួស យ៉ារ៉ា និងលោក អ៊ុន ចាន់ដា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាល សម្តេចតែងគិតគូអំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរ មានផ្លូវ សាលាររៀន មន្ទីរពេទ្យ វត្តអារ៉ាម ក្នុងនោះមន្ទីរពេទ្យ និងសាលារៀន បានខិតជិតប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយ៉ាលជាច្រើន ដែលពីមុន ពេលឈឺម្តងៗ ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ នៅទីប្រជុំជន ឬនៅទីក្រុង តែពេលនេះ មិនចាំបាច់ចំណាយពេលវេលាដូចមុននោះទេ គឺមន្ទីរពេទ្យនៅនឹងភូមិស្រាប់។

លោក សួស យ៉ារ៉ា បានធ្វើការណែនាំឲ្យគ្រូពេទ្យត្រូវយកចិត្តទុកដាក់ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព ពិសេសត្រូវចាត់ទុកអ្នកជំងឺ ដូចជាបងប្អូនរបស់យើង៕