(ភ្នំពេញ)៖ សមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ​ លោក នេត ណាត​ បានចេញលិខិតចំហរមួយ ដោយប្រកាសមិនគាំទ្រ ចំពោះសមាជខុសច្បាប់​របស់គណបក្សសង្រ្គោះជាតិ និងទាមទារឲ្យលោក កឹម សុខា លាលែងពីតំណែង នេះបើយោងតាមលិខិតរបស់​មន្រ្តីជាន់ខ្ពស់​រូបនោះ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះ​បន្តិចនាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។

នៅក្នុងលិខិតរបស់លិខិចំហររបស់លោក នេត ណាត បានសរសេរបញ្ជាក់ថា «លក្ខន្តិកៈរបស់គណបក្ស គឺជាច្បាប់កំពូល​របស់គណបក្ស ដែលទាំងអស់គ្នា​ត្រូវតែគោរព និងត្រូវអនុវត្តតាមយ៉ាង​ម៉ឺងម៉ាត់បំផុត។ គ្រប់គ្នាបានដឹងច្បាស់ថា ការរៀបចំសមាជ​វិសាមញ្ញ​ដើម្បីជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំរបស់​គណ​បក្សសង្រ្គោះជាតិ​កន្លងទៅ គឺធ្វើឡើងយ៉ាងតក់​ក្រហល់ និងពុំមានការគាំទ្រ​ពីសមាជិក-សមាជិកា​ភាគ​ច្រើនរបស់គណបក្សសង្រ្គោះជាតិ​នោះទេ ពិសេសមកពីកូតា​គណបក្ស សម រង្ស៊ី»

នៅក្នុងលិខិចំហរនោះបានបញ្ជាក់ទៀតថា៖ «ដើម្បីអាចការពារគណបក្សពីវិបត្តិនៃការរំលាយគណបក្សនេះ ក្នុងនាមជាគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ ខ្ញុំសូមទាមទារឲ្យលោក កឹម សុខា ប្រសិនបើមិនមានមហិច្ឆិតាលេបយកគណបក្សនេះទេ ត្រូវតែហ៊ានលះបង់លាលែងពីតំណែងប្រធានគណបក្សជាបន្ទាន់ ដូចគំរូវីរភាពរបស់លោកប្រធាន សម រង្ស៊ី ដើម្បីសង្រ្គោះគណបក្សពីការរំលាយ និងបើកផ្លូវឲ្យមានការរៀបចំក្បាលម៉ាស៊ីនឡើងវិញ ត្រឹមត្រូវតាមលក្ខន្តិកៈ»