(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តជំរុញឲ្យយកចិត្តទុកដាក់បន្ថែមទៀត ទៅលើ វិស័យកីឡា ហើយក៏ត្រូវហ៊ានវិនិយោគលើវិស័យកីឡាជាមួយក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

ជាមួយគ្នានោះ សម្តេចតេជោ ក៏បានអំពាវនាវដល់អាណាព្យាបាល យុវជន កុមារៗ ព្រមទាំងប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាលេង និងហាត់កីឡាយ៉ាងតិចឲ្យចេះមួយ ដើម្បីសុខភាព។សម្តេចតេជោ ហ៊ុន សែន បង្ហាញពីការពេញចិត្តចំពោះទម្រង់ លេងក្រុម កីឡាករបាល់ទាត់កម្ពុជា កាលពីម្សិលមិញនេះ បើទោះបីកម្ពុជា ចាញ់ឥណ្ឌាដោយលទ្ធផល ៣-២ ក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ការជំរុញវិស័យកីឡា មិនមែនសម្រាប់តែការលើកស្ទួយវិស័យកីឡានោះទេតែត្រូវតែជំរុញ លើកទឹកចិត្ត ឲ្យវិស័យកីឡាជំនាញ និងវិស័យពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធភាពការងារកីឡាដើម្បីឆ្ពោះ ទៅគោលដៅជោគជ័យក្នុងការរៀបចំ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅ សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ របស់ ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «បើយើងឲ្យយុវជន និងកុមារ លេងកីឡាកាន់តែច្រើនគឺល្អជាង អាឲ្យទៅធ្វើផ្តេសផ្តាស សេពគ្រឿងញៀន សុទ្ធចិត្តឲ្យញៀន នឹងកីឡា លេងកីឡា ប្រសើរជាងទៅញៀនថ្នាំ ឬដើរលេងផ្តេស​ផ្តាស មួយទៀតខ្ញុំឃើញថា កីឡានៅតាម សាលារៀនរបស់យើង មាន៣ប្រភេទកីឡាបាល់ទាត់ កីឡាបាល់​ទះ និងកីឡាបាល់​បោះ។ ហើយល្ងាចមិញ ក៏មានការប្រកួតដ៏អស្ចារ្យដែរ តែមិនមែនជាការប្រកួតទេ ជាការទាល់ដ៏ស្វាតស្វាងប្រទេស​ដែលមានប្រជាជន​១៣០លាននាក់ និងប្រទេសដែលមានប្រជាពលរដ្ឋ ជាង១៥លាននាក់ ដោយសារប្រវត្ថិកន្លងមក ឥណ្ឌា ទាត់ចូលកម្ពុជា ៦គ្រាប់ ប៉ុន្តែទាត់ពីម្សិលមិញប៉ុណ្ណឹងបានហើយ យ៉ាងណាយើងត្រូវការឲ្យ ឈ្នះលើកក្រោយទៀត។ កម្ពុជាពីមុន មិនដែលស្គាល់ពាក្យថា ឈ្នះទេ ប៉ុន្តែអាលូវមានហើយ។ យើងត្រូវមានការវិនិយោគលើវិស័យកីឡានេះ ទាំងអស់គ្នា ក្នុងនឹងអាចមានសប្បុរសធម៌ខ្លះជួយក្នុងវិស័យកីឡា»។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏សូមអំពាវនា វដល់អាណាព្យាបាល យុវជន កុមារៗ ព្រមទាំងប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាលេង និងហាត់កីឡាយ៉ាងតិចឲ្យចេះមួយ ដើម្បីសុខភាព និងជួយដល់វិស័យកីឡាឲ្យរីកចម្រើនបន្តទៀត។

ទាក់ទងនឹងវិស័យកីឡានេះដែរ រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងពិធីបិទ​សន្និបាត​ខាងលើថា ក្រសួងអប់រំ បានបន្តជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ជាពិសេសនៅតាមគ្រឹះស្ថានសិក្សា ក្រៅពីនោះ ក្រសួងក៏បានជំរុញការ បណ្តុះបណ្តាល ធនធានមនុស្សផ្នែកអប់រំកាយ និងកីឡា ដោយពង្រីកថ្នាលឧបនិស្ស័យ​កីឡា និងបន្តកំណែទម្រង់ការប្រកួតកីឡាគ្រប់ប្រភេទ ដោយបន្តរៀបចំការប្រកួតកីឡា និងធ្វើប្រតិភូកម្មមុខងារ និងការផ្តល់​ការ​គាំទ្រដល់សហព័ណ្ធកីឡាជាតិចំនួន២១ ការអនុវត្តឲ្យបានពេញលេញសកម្មភាពអប់រំកាយ និងកីឡាតាមសាលារៀន ការពង្រឹងសកម្មភាពបង្កើតក្លឹបកីឡាជាដើម៕