(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់បន្ថែម លើការបណ្តុះបណ្តាលធនធានមនុស្ស។ សម្តេចបានលើកឡើងថា វិស័យអប់រំ កាន់តែដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលនេះ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើង​ នៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល​ការងារឆ្នាំសិក្សា ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ របស់ ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងប្រកបដោយប្រសិទ្ធភាព គឺជាកត្តាចាំបាច់ របស់កម្ពុជាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា កម្ពុជាកំពុងស្ថិតលើគន្លង​ដ៏ត្រឹមត្រូវក្នុង​ការរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍឲ្យរីកចម្រើន ជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា រាជរដ្ឋាភិបាលនៅតែធ្វើវិភាជថវិកាទៅដល់ក្រសួងអប់រំ ដើម្បីបណ្តុះបណ្តាល និងពង្រាយគ្រូបង្រៀន ទៅតាម បណ្តាខេត្តឲ្យកាន់តែច្រើនថែមទៀត។

សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងវឌ្ឍនភាពលើវិស័យអប់រំ មិនមែនកើតឡើងដោយឯកឯងនោះទេ តែគឺបានចូលរួមពីគ្រប់​ភាគីពាក់ព័ន្ធ ទាំងអស់លោកគ្រូ អ្នកគ្រូ មន្រ្តីអប់រំ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធផងដែរ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖