(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន មិនត្រឹមតែបាត់បង់ អ្នកធ្វើការ ជាមួយគ្នាប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវដន្លងដែល​ត្រូវទទួលខុសត្រូវរួម​គ្នាលើចៅៗ​ចំនួន ៤នាក់ថែមទៀតផង។ សម្តេចតេជោ ក៏បានបង្ហាញក្តីសង្វេគផងដែរ នៅពេលដែលចៅរបស់សម្តេច ក៏ដូចជាចៅរបស់សម្តេច​វិបុលបញ្ញា សុខ អាន បានដឹងថា សម្តេច សុខ អាន បានទទួលមរណភាព។

តាមរយៈទំព័រ Facebook នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន ក្នុងឈុតសម្លៀកបំពាក់​ទើបត្រឡប់ ពីកម្មវិធីបិទសន្និបាតក្រសួងអប់រំ ដៃទាំងពីរឱបចៅប្រុស អង្គុយលើកៅអីក្នុងបន្ទប់ការងារផ្ទាល់​ខ្លួនក្នុងគេហដ្ឋាននោះ សម្តេច​តេជោ ហ៊ុន សែន បានបង្ហាញសារមួយចំនួន ដែលសម្តេចបានជជែកជាមួយចៅប្រុស ដែលជាកូនរបស់លោក សុខ ពុទ្ធិវុធ និងលោកស្រី ហ៊ុន ម៉ាលី។

តាមរយៈការជជែកនោះ បានធ្វើឲ្យសម្តេចមានការសង្វេគខ្លាំង ព្រោះចៅប្រុសរបស់សម្តេចនោះ គេមិនបានដឹងថា ជីតារបស់គេម្នាក់​ទៀត គឹសម្តេចវិបុលបញ្ញា សុខ អាន បានទទួលមរណភាពនោះឡើយ។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះ «សម្រាប់ខ្ញុំការបាត់បង់សម្តេចវិបុលបញ្ញា សុខ អាន មិនគ្រាន់តែបាត់បង់អ្នកធ្វើ​ការជា​មួយគ្នាប៉ុណ្ណោះទេ តែជាការបាត់បង់នូវដន្លងដែលត្រូវ​ទទួលខុសត្រូវរួមគ្នាលើចៅចំនួន៤នាក់។ ពិតជាសង្វេគ​នៅពេល​ខ្ញុំសួរចៅខ្ញុំថា បាត់សក់ក្បាលទៅណា? ចៅខ្ញុំឆ្លើយថា ឲ្យលោកតាសុខ អាន។ ខ្ញុំសួរទៀតថា លោកតា សុខ អាន ពេលនេះ​នៅឯណា ចៅខ្ញុំឆ្លើយថា លោកតា សុខ អាន នៅផ្ទះគាត់។ ចៅពិតជាមិនទាន់ដឹងថា ជីតាបានលាចាកលោក​នេះទៅហើយ»

គួររំលឹកដែរថា សម្តេច វិបុលបញ្ញា សុខ អាន បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០៦៖៣២​នាទីល្ងាចនៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សម្តេច គឺជាមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលបានធ្វើការបម្រើប្រទេសជាតិអស់រយៈពេលជាច្រើនឆ្នាំ និងតែងមានស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធ​សាសនា ដើម្បីនិរន្តរភាពរបបរាជានិយម និងវឌ្ឍនភាពនៃព្រះរាជាណាចក្រកម្ពុជា។

មរណភាពរបស់សម្តេច គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមក្នុងជួររាជរដ្ឋាភិបាលកម្ពុជា និងជាការបាត់បង់ស្វាមី បិតា បិតាក្មេក និងជីតាជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងក្រុមគ្រួសាររបស់សម្តេចទាំងមូល៕