(ភ្នំពេញ)៖ លោក ហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងបញ្ជាក់នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះថា ការកំណត់ ពិដានអត្រាការប្រាក់កម្ចីមកត្រឹម១៨% ក្នុង១ឆ្នាំរបស់រាជរដ្ឋាភិបាល មិនប៉ះពាល់ដល់វិស័យមីក្រូហិរញ្ញវត្ថុ​កម្ពុជានោះទេ ហើយថា ចំពោះទុនវិនិយោគក្នុងវិស័យនេះ ដែលមានទឹកប្រាក់៣៥០០លានដុល្លារ រំពឹងថានឹងនៅតែបន្ត​រីកចម្រើន​ថែមទៀត។

ការថ្លែងរបស់លោក ហួត អៀងតុង យ៉ាងដូច្នេះធ្វើឡើងក្នុងសន្និសីទ ស្តីពីការដាក់ពិដានអត្រាការប្រាក់ របស់​ធនាគារជាតិ​នៃកម្ពុជា ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា នៅសណ្ឋាគារអ៉ីនធើកុងទីណង់តាល់ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។

លោក ហួត អៀងតុង បានថ្លែងថា «ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាលមានជំនាញច្រើន ដូចជាធនាគារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សុទ្ធតែអ្នកជំនាញខាងសេដ្ឋកិច្ច គាត់បានគិតគូរច្រើនមែនទែន មុននឹងសម្រេចដាក់ពិដានការប្រាក់នេះ។...ខ្ញុំអាចនិយាយបានថា យើងក្នុងនាមជាប្រតិបត្តិករ មីក្រូហិរញ្ញវត្ថុ ក្នុងនាមជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យើងគិតថា នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត​ ដើម្បីថែរក្សាសាច់ប្រាក់ដែលយើងមាន សម្រាប់បម្រើវិស័យហិរញ្ញវត្ថុរបស់យើងនៅពេលនេះ ឲ្យវានៅដដែល ឬកើនឡើង»

លោក ហួត អៀតតុង បានថ្លែងទៀតថា «យើងបានខិតខំប្រឹងប្រែងពន្យល់ដល់អ្នកវិនិយោគរបស់យើង ឲ្យពួកគេបានដឹងថា ទោះបីការកំណត់ពិដានការប្រាក់មកត្រឹម១៨%ក៏ដោយ ក៏វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មិនមានបញ្ហាអ្វីនោះទេ គឺយើងនៅតែប្រតិបត្តិការដដែល ហើយយើងនឹងខិតខំធ្វើយ៉ាងឲ្យកាន់តែមាន ការរីកចម្រើនបន្ថែមតទៅទៀត»

ប្រធានសមាគមរូបនេះ បានថ្លែងទៀតថា សមាគមនឹងពិនិត្យមើលនូវគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ អំពីតម្លៃប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីរៀបចំធ្វើយ៉ាងតម្លៃប្រតិបត្តិការថយចុះ ទប់ទល់នឹងការថយចុះនៃចំណូល ដោយសារតែបញ្ចុះអត្រាការប្រាក់។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈធនាគារជាតិ បានសម្រេចទម្លាក់អត្រាការប្រាក់​ឥណទាន (កម្ចី) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ពីជាង៣០%ក្នុងមួយឆ្នាំ មកនៅត្រឹម១៨%ប៉ុណ្ណោះក្នុង១ឆ្នាំ។ ការទម្លាក់ការប្រាក់ឥណទានមកម្រិត១៨% ក្នុងមួយឆ្នាំ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ តទៅជាកំហិត។

ការកំណត់អត្រាការប្រាក់ខ្ពស់បំផុត១៨% ក្នុងមួយឆ្នាំនេះ ដើម្បីរួមចំណែកគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការការពារផលប្រយោជន៍ ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ​​ក្រីក្រ ទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រ ការពារអតិថិជនពីការគិតការប្រាក់អត្រាខ្ពស់ពេក ពីគ្រឹះស្ថាន មីក្រូហិរញ្ញ​វត្ថុ និងជំរុញការប្រើប្រាស់ឥណទានឲ្យកាន់​តែមានប្រសិទ្ធិភាព តាមរយៈការផ្ដល់ឥណទានពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយមាន​ការប្រុងប្រយ័ត្នខ្ពស់ជាងមុន៕