(ឧត្តរមានជ័យ)៖ មឹកចំនួន៥គីឡូក្រាម និងខ្ទឹមសមួយចំនួន ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តឧត្តរមានជ័យ រកឃើញថា មានផ្ទុកនូវសាធាតុគីមី បន្ទាប់ពីបានយកទៅពិសោធន៍ នៅក្នុងរថយន្តពិសោធចល័តនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។

ការអនុវត្តន៍ខាងលើនេះតាមអនុសាសន៍របស់លោក ប៉ាន សូស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានចាត់ឲ្យមន្ត្រីកាំកុងត្រូលពង្រឹងការត្រួតពិនិត្យលើម្ហូបអាហារ បន្លែ ផ្លែឈើ គ្រឿងភេស្ជៈ មានដាក់តាំងលក់ ក៏ដូចជា នាំចូលតាមមាត់ច្រកព្រំដែនឲ្យបានសមស្របនឹងបញ្ញាតិច្បាប់ស្តីពី «សុវត្ថិភាពម្ហូបអាហារ និងបង្រ្កាបការក្លែងបន្លំ»។

ជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ សហការជាថយន្តពិសោធន៍ចល័ត MOBILE LAB របស់អគ្គនាយកដ្ឋានកាំងត្រូល ហើយមានការចូលរួម ពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋានបានចុះត្រួតពិនិត្យ ទំនិញ និងម្ហូបអាហារនៅទីតាំងផ្សារចំនួន២គឺ ផ្សាររង្វង់មូលអន្លង់វែង ស្ថិតក្នុងស្រុកអន្លង់វែង និងផ្សារសំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រុមមន្ត្រីកាំកុងត្រូល បានយកគំរូមួយចំនួន មកពិសោធន៍ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ និងស្វែងរកសំណល់កសិកម្ម ថ្នាំសម្លាប់សត្វល្អិត ដែលមាននៅលើបន្លែរផ្លែឈើ។ល។ ជាលទ្ធផល វិភាគបានបង្ហាញថា «ម្ហូបអាហារ បន្លែ ផ្លែឈើ ក្នុងផ្សាររង្វង់មូលអន្លង់វែង បានពិនិត្យ និងពិសោធន៍សរុបបាន២៥មុខ និងមាន១មុខ នៅលើខ្ទឹមស ដែលមានសារធាតុថ្នាំពុលសម្លាប់សត្វល្អិត តែមិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ»។  ដោយឡែកនៅក្នុងផ្សារសំរោងវិញ មន្រ្តីបានពិនិត្យសរុប២៨មុខ ក្នុងនោះបានរកឃើញ២មុខ គឺនៅក្នុងខ្ទឹមស មានសារធាតុពុលសម្លាប់សត្វល្អិត
ដូចគ្នា និងទី២មាននៅលើមឹកដែលផ្ទុកសារធាតុ formalin ដែលនាំចូលពីប្រទេសថៃ​។  

លោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង និងលោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ​ បានណែនាំដល់អាជីវករទាំងអស់ មិនឲ្យទទួលយកមកលក់ ឬប្រើប្រាស់បន្តទៀត។ លោកនឹងបន្ថែមការរឹតបន្តឹងការត្រួតពិនិត្យតាមមាត់ច្រកព្រំដែនទាំង៣ ក្នុងខេត្តឧត្តរមានជ័យ ដោយផ្អែកលើលិខិតអនុញ្ញាតរបស់ស្ថាប័នពាក់ព័ន្ធ ឲ្យបានត្រឹមត្រូវ និងសមស្របតាមបញ្ញាតិច្បាប់ស្តីពីសុវត្ថភាពម្ហូបអាហារ ទើបអាចអនុញ្ញាតធ្វើការនាំចូលបាន។

ចំពោះមឹក ដែលផ្ទុកសារធាតុគីមី លោកបានធ្វើលិខិតដកហូតយកទៅកំទេចចោល​ ចៀសវាងប្រជាពលរដ្ឋទិញយកទៅបរិភោគនាំឲ្យប៉ះពាល់​ដល់សុខភាព៕