(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ របស់ ក្រសួងអប់រំ យុវជន និងកីឡា។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងវឌ្ឍនភាពលើវិស័យអប់រំ មិនមែនកើតឡើងដោយឯកឯងនោះទេ តែគឺបានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់លោកគ្រូ អ្នកគ្រូ មន្រ្តីអប់រំ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងស្ថិតលើគន្លងដ៏ត្រឹមត្រូវក្នុងការរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍឲ្យរីកចម្រើន ជាបន្តបន្ទាប់។

* សម្រាប់ការអប់រំវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានអភិវឌ្ឍន៍ពីមានអ្នកចេះដឹងតិចតួចនៅដើមទសវត្សរ៍ឆ្នាំ៨០ តាមរយៈអ្នក ចេះតិច បង្រៀនអ្នកអត់ចេះ និងអ្នកចេះច្រើនបង្រៀនអ្នកតិច រហូតដល់មានការពង្រីកអ្នកចេះដឹងជាបន្តបន្ទាប់ និងមានធនធានមនុស្ស យ៉ាងច្រើនសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា រាជរដ្ឋាភិបាលនៅតែធ្វើវិភាជថវិកាទៅដល់ក្រសួងអប់រំ ដើម្បីបណ្តុះបណ្តាល និងពង្រាយគ្រូបង្រៀនទៅតាមបណ្តាខេត្តឲ្យកាន់តែច្រើនថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺនៅតែបន្តយកចិត្តទុកដាក់បន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រសិនបើបំផុសឲ្យកុមារៗលេងកីឡាបានកាន់តែច្រើន នឹងចៀសផុតពីអំពើអបាយមុខនានា រួមទាំងការប្រើប្រាស់គ្រឿងញៀនផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងឲ្យតាមសាលានានា រៀបចំបញ្ចូលកីឡាកាយសម្ព័ន្ធផងដែរ បន្ថែមពីលើកីឡាបាល់ទាត់ បាល់ទះ និងបាល់បោះ។

* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីការពេញចិត្តចំពោះទម្រង់លេងក្រុមកីឡាករបាល់ទាត់កម្ពុជាកាលពីម្សិលមិញនេះ បើទោះបីកម្ពុជា ចាញ់ឥណ្ឌាដោយលទ្ធផល ៣-២ ក៏ដោយនោះ។

* សម្តេចតេជោ ហ៊ុន សែន បន្តជំរុញឲ្យយកចិត្តទុកដាក់បន្ថែមទៀតទៅលើវិស័យកីឡា ហើយក៏ត្រូវហ៊ានវិនិយោគលើវិស័យកីឡានេះផងដែរ។

* សម្តេចតេជោអំពាវនាវដល់អាណាព្យាបាល យុវជន កុមារៗ ព្រមទាំងប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាលេង និងហាត់កីឡាយ៉ាងតិចឲ្យចេះមួយ ដើម្បីសុខភាព។

* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យរៀបចំសួនច្បារឲ្យបានស្អាតៗ ដើម្បីឲ្យប្រជាពលរដ្ឋហាត់ប្រាណចៀសវាងពីជំងឺផ្សេងៗ។ សម្តេចនាយក រដ្ឋមន្រ្តី បានថ្លែងថា ការងារអប់រំ គឺជាការងារមួយដែលត្រូវតែធ្វើ ហើយត្រូវបន្តធ្វើពីជំនាន់មួយទៅជំនាន់មួយទៀត ដោយមិនអាចរាថយបាន នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៤៖១២នាទីរសៀលថ្ងៃនេះ។ សូមអរគុណចំពោះទស្សនាការផ្សាយផ្ទាល់៕