(ភ្នំពេញ)៖ ជុំវិញការធ្វើសមាជខុសច្បាប់របស់គណបក្សសង្គ្រោះជាតិ ដែលកន្លងមកបណ្តាញសារព័ត៌មាន Fresh News បានចេញផ្សាយ ច្រើនដងរួចហើយ, ដោយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃក៏បានចេញសេចក្តីជូនដំណឹងថា សមាជវិសាមញ្ញរបស់គណបក្ស សង្រ្គោះជាតិ ខុសលក្ខន្តិកៈទៅនឹងប្រកាស៤៧ ដែលជាច្បាប់កំពូលរបស់គណបក្ស។ បក្សីចាំក្រុង ដែលជាអ្នកសំណេរដ៏ល្បីមួយរូបនៅកម្ពុជា បានសរសេរលិខិតក្នុងនាមទស្សនៈមិត្តអ្នកអាន ផ្ញើមកកាន់ Fresh News នៅរសៀលថ្ងៃនេះដោយមានខ្លឹមសារទាំងស្រុងថា៖

១៖ ក្រោយពីបក្សីចាំក្រុង សរសេរអត្ថបទក្រោមចំណងជើង «សមាជខុសច្បាប់ ប្រជាធិបតេយ្យក្លែងក្លាយ» ចេញផ្សាយនៅសារព័ត៌មាន Fresh News កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ រួចមក ល្បង សូរ សមយុទ្ធ បានចេញអត្ថបទមួយដែរ នៅក្នុងថ្ងៃតែមួយដោយដាក់ចំណងជើងថា «មួយកំផ្លៀង» ដោយសារពេលនោះ មេទ័ពធំបក្សទេវតា បានធ្វើចតហ្មាយមួយភ្លាម អបអរសាទរលោក កឹម សុខា ដែលត្រូវបានជ្រើសតាំង ជាមេទ័ពធំថ្មីនៃបក្សព្រះអាទិត្យ។

២៖ បក្សីចាំក្រុងបានសរសេរអត្ថបទមួយទៀត ដាក់ចំណងជើងថា «ប្រការ ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិកំណត់ថា តើសមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានថ្មី នៃគណបក្សសង្រ្គោះជាតិ ខុសច្បាប់ ឬត្រូវច្បាប់?» ចេញផ្សាយតាមអង្គភាពសារព័ត៌មាន Fresh News កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីមេសំណាក់រ៉ាប់រងលើបក្សនយោបាយនានាក្នុងនគរខ្មែរបានប្រកាសជាសាធារណៈ ខ្សឹបប្រាប់មហាជនខ្មែរក្នុងឱកាសសម្ពោធបើកការដ្ឋានផ្លូវមួយខ្សែក្នុងខេត្តកំពង់ស្ពឺ ដោយបានដាក់ការសង្ស័យថា សមាជវិសាមញ្ញជ្រើសរើស ប្រធានថ្មី និងអនុប្រធានថ្មីនៃបក្សព្រះអាទិត្យ អាចខុសលក្ខន្តិកៈរបស់បក្សព្រះអាទិត្យខ្លួនឯង។

ភ្លាមនោះ ល្បង សូរ សមយុទ្ធ ដែលល្បីល្បាញខាងវេហាសាស្រ្ត និងពូកែខាងយុទ្ធសាស្រ្តនោះបានចេញអត្ថបទមួយវិញ ដោយដាក់ចំណងជើងថា «បក្សីបាក់ស្លាប» ដោយព្រមានប្រើកំលាំងមហាជនទប់ទល់ នឹងការអនុវត្តច្បាប់របស់នគរទៅវិញ។ មើលទៅម្យ៉ាងដែរ ព្រោះតែងនិពន្ធទាំងយប់ ដោយល្បង សូរ សមយុទ្ធ ដែលមានរហស្សនាមបន្ថែមលើរហស្សនាមក្នុងគណនីហ្វេសប៊ុកថា ជា «ស្តេចចម្បាំង» ទៅហើយ! ប៉ុន្តែនៅពេលមើល អត្ថបទមួយត្រួសទៅ ចេះតែអស់សំណើច សើចតែឯងមិនកើត ក៏ដាច់ចិត្តសរសេរអត្ថបទតូចមួយដើម្បីជូនជាមតិដ៏ស្តួចស្តើង ដល់ល្បង សូរ សមយុទ្ធ កុំឱ្យតប់ប្រមល់ស្អុះស្អាប់ គិតអ្វីមិនយល់ ដោយសារកំដៅនៃព្រះអាទិត្យនៅក្នុងបន្ទាយ ដ៏ច្របូកច្របល់ ក្រោយមេទ័ពធំថ្មីឡើងគ្រប់គ្រង!

បក្សីចាំក្រុងចង់ជូនសារថា «អំនួតខុសក្បួន ជាការប្រមាថច្បាប់ នាំដល់សេចក្តីវិនាស»! មិនអស់ចិត្តល្បង សូរ សមយុទ្ធ ថែមមួយអត្ថបទទៀត ដាក់ចំណងជើងថា «វេទិកាក្ងោកស្ពាន់» កាលពីថ្ងៃទី២០ ខែមីនា។ អត្ថបទពិតជាមានន័យមែន តែខ្វះអត្ថរស ប៉ុន្តែទោះបីជាយ៉ាងណា អ្នកដែលបានដឹងឮ ពិតជាអរគុណមិនខាន ព្រោះរស់នៅក្នុងពិភពគុណដូចគ្នា ទោះយ៉ាងដូចម្តេច ក៏នៅតែអាចទុកគ្នារាប់អានទៅថ្ងៃក្រោយបានដែរ!

៣៖ ឥឡូវការពិតសម្តែងចេញមកហើយ ! ការជ្រើសតាំងមេទ័ពធំថ្មី និងមេទ័ពធំរងទាំងបី នៃបក្សព្រះអាទិត្យតាមរយៈកិច្ចប្រជុំធំ មិនធម្មតា កាលពី ថ្ងៃទី០២ ខែមីនា គ្រឹស្តសករាជ២០១៧ កន្លងទៅ គឺខុសនឹងគម្ពីរព្រះត្រៃបិតករបស់បក្សព្រះអាទិត្យខ្លួនឯង។ វេទិកាក្ងោកស្ពាន់ ដែលសង់មិន ត្រូវតាមក្បួនតម្រា និងមិនបានក្រុងពាលីឱ្យបានត្រឹមត្រូវ បានបាក់ជើងមួយចំហៀង ដោយមិនអាចដឹងថា វេទិកាអ្នកនៅលើវេទិកា និងអ្នកសាង សង់វេទិកា នឹងមានវាសនាដូចម្តេច? គួរឱ្យស្តាយ ! គួរឱ្យស្តាយ! ចំពោះវេទិកាដែលបានចំណាយគ្រប់បែប គ្រប់កលល្បិចអស់យ៉ាងច្រើន ដើម្បីលេបយកបក្សព្រះអាទិត្យដោយស្របច្បាប់ តែបែរជាខុសច្បាប់ទៅវិញ។ ការជ្រើសតាំងមេទ័ពធំ និងមេទ័ពធំរងទាំងបី តាមក្បួនថ្មី មុនពេល ដែលក្បួននេះត្រូវបានយកទៅតម្កល់ឱ្យមានការទទួលស្គាល់ពីរាជការ គឺជារឿងកូនកើតមុនឪ និងបំពានអាជ្ញារបស់នគរយ៉ាងពិតប្រាកដ! ប៉ុន្តែនេះ ក៏អាចចាត់ទុកជាវាសនាដែរ !

បើរាសីមេទ័ពធំថ្មីចេញមកពីបក្សព្រះច័ន្ទ មិនដល់ក៏អាចធ្លាក់មកវិញក៏ថាបាន ឬអាចទេវតាបើកចក្ខុឃើញពន្លឺភ្លើងទៀន ដែលរងភាពអយុត្តិធម៌ ត្រូវខ្យល់បក់ស្ទើរតែរលត់តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ហើយទេវតាចង់ផ្តល់ឱកាសតូចមួយតាមក្រឹត្យក្រមធម្មជាតិ គឺ កង្កែបមិនអាច លេបពស់ ឬ៣កៅអី មិនអាចលេបយក៥៥កៅអី បានឡើយ!

៤៖ គិតឡើងវិញ ទើបនឹកឃើញ! មនុស្សគិត មិនដូចជាទេវតាគិត! មនុស្សធ្វើ មិនដូចទេវតាធ្វើ! មនុស្សនៅតែជាមនុស្ស ទេវតានៅតែជាទេវតា! ច្បាប់នៅតែជាច្បាប់ នយោបាយនៅតែជានយោបាយ! ជាទិដ្ឋភាពនយោបាយ មេទ័ពធំនៃបក្សទេវតាបានធ្វើកិច្ចការរបស់ខ្លួនរួចហើយ គឺបានចេញសារអបអរសាទរ ដល់មេទ័ពធំថ្មីនៃបក្សព្រះអាទិត្យភ្លាមបន្ទាប់ពីសមាជចប់។ សារលិខិតនេះ គឺគ្រាន់តែជាគុណធម៌នយោបាយ និងជាការទូតនយោបាយសម្រាប់អ្នកនយោបាយខ្មែរដូចគ្នាប៉ុណ្ណោះ។

ប៉ុន្តែនៅពេលប្រើកែវភ្នែកនយោបាយ ទៅអានសារលិខិតរបស់មេទ័ពធំនៃបក្សទេវតាឡើងវិញ ដូចជាពុំឃើញត្រង់ណាថា ជាការអបអរសាទរឡើយ ព្រោះពុំមានឡើយនូវការជូនពរដែលជាមង្គលនយោបាយសម្រាប់ជីវិតនយោបាយរបស់មេទ័ពធំថ្មីនៃបក្សព្រះអាទិត្យ ប៉ុន្តែអាចជាបណ្តាសាមួយ ដែលស្ថិតនៅក្នុងក្រឡាយុទ្ធសាស្រ្តនយោបាយរបស់បក្សទេវតាទៅវិញ។

សារអបអរសាទរនយោបាយ បែរជាជូនពរមេទ័ពថ្មីឱ្យមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារទៅវិញ! ជាទិដ្ឋភាពច្បាប់ គឺជាដល់វេនមេសំណាក់ ដែលមានភារៈរ៉ាប់រងបក្សនយោបាយនានានៅក្នុងនគរខ្មែរ ដើម្បីអនុវត្តតួនាទីរបស់ខ្លួនវិញម្តង នៅពេលបានទទួលដល់ដៃនូវឯកសារ របស់សមាជ វិសាមញ្ញ ឬហៅថា «សមាជមិនធម្មតា» របស់បក្សព្រះអាទិត្យ។ នេះបានថា ចែកក្រឡាគ្នាលេង តាមក្បួនយុទ្ធសាស្រ្ត។ ផ្លូវនៅវែងឆ្ងាយ អុកមួយក្តារនេះ ប្រហែលមិនទាន់ចប់នោះទេ។ អត្ថបទមុនៗចាត់ទុកថាជាការដាស់តឿនមួយចុះ! សង្ឃឹមថា ក្រឡាអុកបន្ទាប់ ពិតជាល្អលេង និងល្អមើលជាក់ជាពុំខាន! ទោះបីក្រឡាអុកដូចម្តេចក៏ដោយ ប៉ុន្តែបក្សី គឺជាព្រាបស ដែលត្រដាងស្លាប ដោយសង្ឃឹមជឿជាក់ថា សន្តិភាពនឹងបន្តស្ថិតស្ថិរក្នុងនគរខ្មែរយូរអង្វែងតទៅ!

ដោយ៖ បក្សីចាំក្រុង