(ភ្នំពេញ)៖ ឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសែនសុខ ខណ្ឌសែនសុខ ដែលមានតម្លៃ១៦២.៣៤៨ដុល្លារ ត្រូវដាក់​សម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជ​ធានីភ្នំពេញ។

លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បានលើកឡើងថា វត្តសែនសុខត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០-២០០១ ដោយសាលារាជធានីភ្នំពេញ ទុកជូនពុទ្ធសាសនិកបំពេញបុណ្យកុសលទៅតាមជំនឿព្រះពុទ្ធសាសនា។ ឧបដ្ឋានសាលា​ថ្មីនេះមានទំហំ១៦ម៉ែត្រ គុណនឹង២៣ម៉ែត្រ កម្ពស់ពីរជាន់ និងសមិទ្ធផលនានា ដែលជាការផ្តួចផ្តើមស្ថាបនា សាងសង់ដោយព្រះសង្ឃគណៈកម្មការអាចារ្យ ពុទ្ធបរិស័ទ សប្បុរសជននានា ធ្វើឲ្យវត្តមានហេដ្ឋា​រចនាសម្ព័ន្ធសម​ជាទីសក្ការៈ។

លោក ប៉ា សុជាតិវង្ស បានថ្លែងថា គ្រប់វត្តបាន និងកំពុងពង្រឹងការប្រតិបត្តិជំរុញការកសាងសំណង់នានា ជាគុណប្រយោជន៍​សម្រាប់ព្រះពុទ្ធសាសនា និងពង្រឹងសណ្តាប់ធ្នាប់សង្ឃតាមវត្តនីមួយៗ។ លោកបានបន្តថា «ព្រះគ្រូចៅអធិការវត្ត បានយក​ព្រះទ័យទុកដាក់ខ្ពស់ថែមទៀត ក្នុងការចលនាពុទ្ធបរិស័ទ យុវជនយុវនារី ចូលរួមលុបបំបាត់គ្រឿងញៀន»។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងទៀតថា ព្រះពុទ្ធសាសនាដែលប្រជាពលរដ្ឋកម្ពុជា គោរពប្រណិបត្តិយ៉ាងមុតមាំនោះ មានជាង២៥៦០ឆ្នាំមកហើយ ​ប៉ុន្តែត្រូវផុតរលត់ និងបាត់បង់ក្នុងរបបប៉ុលពត ហើយទើបតែកកើតឡើងវិញ ក្នុងរយៈពេល​ជាង៣០ឆ្នាំមកនេះ ហើយប្រជាពលរដ្ឋ បាននាំគ្នាកសាងនូវសមិទ្ធផលនានា ក្នុងវត្តដើម្បីទុក​ជាស្រែបុណ្យរបស់ខ្លួន។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា «ប្រទេសកម្ពុជាមានសង្គ្រាមប្រមាណ៥រយឆ្នាំហើយ ទើបតែមានសន្តិភាព និងមានស្ថេរភាពនយោបាយប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ក្រោយការដឹកនាំតាមយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា»។

លោកថា​ ផ្តើមចេញពីស្ថេរភាពនយោបាយនេះហើយ ទើបធ្វើឲ្យប្រទេសដ៏អភ័ព្វមួយនេះក្លាយជាប្រទេស មានការអភិវឌ្ឍន៍​រីកចំរើនលើគ្រប់វិស័យ។ ដូច្នេះទេប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាស្ថេរភាពនយោបាយ និងសមទ្ធផល​ទាំងឡាយដែលមាននេះឲ្យបានគង់វង់៕