(ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋទាំង១៤គ្រួសារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ ​បាននាំគ្នាទៅឈរកាន់បដា​ស្រែកទាមទារ ដើម្បើសាលារាជធានីភ្នំពេញពន្លឿន បើកផ្លូវលេខ១៩៦៦ឡើងវិញ បន្ទាប់ពីមានបុគ្គលម្នាក់ទៅសង់ផ្ទះ និងរបងបិតជិតឈឹងតែម្តង ដែលផ្លូវមួយនេះមាននៅក្នុងគម្រោងប្លង់ LMAP រួចមកហើយ។ ផ្លូវដែលមានគេរំលោភ​ទាំងស្រុងខាងលើនេះស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានប្រជាពលរដ្ឋតវ៉ាសុំឲ្យបើកផ្លូវវិញនោះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានដឹកនាំអភិបាលរង អភិបាលខណ្ឌ និងមន្រ្តីជំនាញចុះទៅជួបផ្ទាល់ជាមួយប្រជាពលរដ្ឋទាំងនោះ ដើម្បីសួរនាំ និងដោះស្រាយបញ្ចប់។ នៅពេលជួបជាមួយប្រជាពលរដ្ឋនោះ លោក ប៉ា សុជាតិវង្ស បានប្រាប់ទៅបងប្អូនដែលមានក្បាលដីនៅទីតាំងខាងលើ ចាំជួបប្រជុំដោះស្រាយជាកញ្ចប់ នៅសាលារាជធានីភ្នំពេញនាពេលក្រោយ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងថា លោកនឹងចាត់ឲ្យអភិបាលខណ្ឌធ្វើការស្រាវជ្រាវ និងស្វែងរកឯកសារ​ពាក់ព័ន្ធបន្ថែមទៀត ចំពោះបញ្ហានេះដើម្បីដោះស្រាយបញ្ចប់។ ប៉ុន្តែយ៉ាងណានោះ ក្រុមប្រជាពលរដ្ឋទាំង១៤គ្រួសារ ហាក់មិនទាន់មានជំនឿទាំងស្រុងនោះឡើយទេ​ ចំពោះការដោះស្រាយនេះដោយពួកគាត់ចង់ឲ្យធ្វើផ្លូវនេះ​ទាំង៣០ម៉ែត្រតែម្តង ដោយសារតែមាននៅក្នុងគម្រោង LMAP។

យោងតាមបដាដែលក្រុមប្រជាពលរដ្ឋ ទាមទារនោះរួមមាន៖ «សូមលោកអភិបាលក្រុងជួយបើកផ្លូវលេខ១៩៦៦ ឲ្យបានឆាប់ផង, សូមតវ៉ាចំពោះបុគ្គលរំលោភបិតផ្លូវសាធារណៈ, សូមឯកឧត្តមអភិបាលមេត្តាជួយដោះស្រាយ​តាមសំណូមពររបស់យើងខ្ញុំផង, សហគមន៍ចង់បានផ្លូវតាមការកំណត់របស់ប្រព័ន្ធ LMAP, យើងខ្ញុំសូមតវ៉ាបុគ្គលដែលរំលោភច្បាប់រុះរើរបងចេញពីផ្លូវសាធារណៈ និងមានផ្លូវមានការអភិវឌ្ឍន៍ភូមិឃុំបាន ជាដើម»។ ប្រជាពលរដ្ឋបាននិយាយថា បុគ្គលដែលបានរំលោភយកកំណាត់ផ្លូវមួយនេះមានឈ្មោះ សុខ គង់ ដែលអាជ្ញាធរតាំងពីមូលដ្ឋាន រហូតដល់រាជធានីបានដោះស្រាយច្រើនលើកច្រើនសារដែរ តែមិនទាន់ទទួលបានលទ្ធផល។

លោក ប៉ិល កុសល អភិបាលខណ្ឌសែនសុខ បានលើកឡើងថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ថា លោក ស៊ុយ សេរិទ្ធិអភិបាលរងរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចំរុះមន្ត្រីជំនាញ ចុះមកពិនិត្យទីតាំងស្នើសុំបើកផ្លូវរបស់​ប្រជាពលរដ្ឋជាលទ្ធផល ផ្លូវ១៩៦៦ចន្លោះ១០០៣ដល់របងព្រំដីលោក សុខ គង់ អាចបើកផ្លូវបាន៣០ម៉ែត្រ ប៉ុន្តែប៉ះដីលោក ហ៊ុន ប៊ុនធឿន។ចំពោះតួផ្លូវ១៩៦៦ពីដីលោក សុខ គង់ ដល់ផ្លូវ១០០៧ហ្សិត ប៉ះចំដីលោកសុខ គង់ទាំងស្រុង​(ដីផ្លូវដែលត្រូវបើក)។

លោកអភិបាលខណ្ឌ បានប្រាប់ទៀតថា ដោយឡែកការប្រជុំដោះស្រាយ រដ្ឋបាលខណ្ឌសែនសុខ បានអញ្ជើញម្ចាស់​ក្បាលដីទាំងអស់ មកសម្របសម្រួលចំនួន០៥លើកមកហើយ ដែលមានការចូលរួមពីគណៈអភិបាលខណ្ឌ រហូតដល់ថ្នាក់ភូមិ តែជាលទ្ធផលគឺ ម្ចាស់ក្បាលដីទាំង១៤គ្រួសារ ស្នើសុំទុកផ្លូវ៣០ម៉ែត្រ ដែលជាគំរោងចុះបញ្ជី​លក្ខណៈជាប្រព័ន្ធ(Lmap)បានកំណត់រួចហើយ ម្ចាស់ក្បាលដីទាំងអស់សន្យាប្រមូលថវិកាឲ្យបានចំនួន៨០០០០ដុល្លារ សំរាប់ឲ្យសាលាខណ្ឌសែនសុខ ទិញផ្ទះមួយល្វែងជូនលោកសុខ គង់ ដើម្បីចាកចេញពីទីតាំងខាងលើ។

លោក សុខ គង់ ដែលជាម្ចាស់ក្បាលដីនៅចំលើចំណីផ្លូវ៣០ម៉ែត្រស្ទើទាំងស្រុង បានសំណូមពរស្នើសុំឲ្យ សាលារាជធានី​ភ្នំពេញ​ក៏ដូច សាលាខណ្ឌសែនសុខ ធ្វើការបើកផ្លូវទំហំតែ២០ម៉ែត្រ ងាកទៅបែកខាងជើង ហើយដីនៅសល់១០ម៉ែត្រ ពីការបើកផ្លូវលោកស្នើសុំធ្វើប្លង់កម្មសិទ្ធិ។

លោកបន្តថាបើការបើកផ្លូវទំហំ៣០ម៉ែត្រ ចាប់ពីផ្លូវហាណូយ(១០១៩) មកដល់ផ្លូវ៥៩៨ អាចបើកទៅបានតាមគោលការណ៍​ដែល​រដ្ឋបាន​កំណត់នោះលោកសុខចិត្តចុះចេញពីដីរបស់គាត់​ដែលបានកាន់កាប់ដោយគ្មានទាមទារសំណង​អ្វីទាំងអស់ពីរដ្ឋ។ នៅក្នុងកិច្ចប្រជុំដោះស្រាយផលប៉ះពាល់ នៃការបើកផ្លូវលេខ១៩៦៦ ចន្លោះពីផ្លូវលេខ១០០៣ រហូតដល់ផ្លូវលេខ១០០៧ហ្សិត ក្នុងសង្កាត់ភ្នំពេញថ្មី កាលពីអំឡូងខែធ្នូ ឆ្នាំ២០១៦ លោក ឃួង ស្រេង ដែលជាប្រធាន​អង្គប្រជុំ បានបញ្ជាក់ដោយសរុបដូចខាងក្រោម៖

ទី១៖ ចំពោះផ្លូវលេខ១៩៦៦ ទៅសង្កាត់ភ្នំពេញថ្មីនេះ​ គឺបន្តស្ថាបនាឲ្យបាន៣០ម៉ែត្រ ទោះបីត្រូវកាត់ដីលោក សុខ គង់ ដែលដីនោះបានសាងសង់ផ្ទះ និងរបងលើដីស្ថិតនៅក្នុងគម្រោងប្លង់ LMAP ដែលបានអនុម័តរួចហើយតាំងពីឆ្នាំ២០០៦។ មិនអាចទទួលយកបានការសុំផ្តល់ដីទំហំ១៥ម៉ែត្រ ឬ២០ម៉ែត្រ ដោយរក្សាទុកដីនៅសល់ និងសុំធ្វើប័ណ្ណសម្គាល់សិទ្ធិរបស់លោក សុខ គង់ នោះទេ។ សាលារាជធានីភ្នំពេញ មានកាតព្វកិច្ចធ្វើផ្លូវនេះ ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រយោជន៍សាធារណៈ។ ទី២៖ ទទួលយកការតវ៉ា និងទទួលពិនិត្យឯកសារពាក់ព័ន្ធ នៃការកាន់កាប់ និងប្រើប្រាស់ដីក៏ដូចជា៖ ឯកសារផ្ទេរសិទ្ធិលក់ដីរបស់លោក សុខ គង់ ដើម្បីពិចារណាអំពីកិច្ចសន្យាធ្វើឡើងដែលមាន «ខ» ចែងថា នឹងប្រគល់ដីជូនរដ្ឋសម្រាប់ធ្វើផ្លូវដែលលោក សុខ​ គង់ អាចប្រព្រឹត្តល្មើសក្បត់ទំនុកចិត្ត នៃកិច្ចសន្យាប្រសិនបើគាត់នៅតែតាមទាមទារចង់រក្សាទុកដីនោះ ដែលបានលក់ដីឲ្យគេរួចមកកាន់កាប់ដីផ្លូវវិញ។ អាជ្ញាធរមានករណីកិច្ចត្រូវការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់ប្រជាពលរដ្ឋ។ ទី៣៖ ប្រគល់ជូនសាលាខណ្ឌសែនសុខ​ បន្តស្រាវជ្រាវឯកសារគតិយុត្តពាក់ព័ន្ធ និងរាយការណ៍ជូនសាលារាជធានីភ្នំពេញឡើងវិញ ដើម្បីពិនិត្យ និងធ្វើការដោះស្រាយម្តងទៀតពេលឆាប់ៗខាងមុខនេះ។

យោងតាមកំណត់ហេតុប្រជុំថ្ងៃទី២២ ខែធ្នូ ២០១៦ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការសម្របសម្រួលដោះស្រាយ​ផលប៉ះពាល់ នៃការបើកផ្លូវលេខ១៩៦៦ ចន្លោះផ្លូវ១០០៣ ដល់ផ្លូវ១០០៧ហ្សិត ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី និងអនុវត្តតាមចំណាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ «ដើម្បីជុំរុញឲ្យលឿន និងបើកការដ្ឋានឲ្យបានមុនចូលឆ្នាំខ្មែរ» ប៉ុន្តែតើឲ្យបើកការដ្ឋានទៅម្តេចកើតបើផ្លូវត្រូវគេរំលោភទាំងស្រុង គ្មានផ្លូវចេញចូលយ៉ាងដូច្នេះ?