(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងមហាផ្ទៃ បានជូនដំណឹងថា សមាជរបស់គណបក្សសង្រ្គោះជាតិ រើសតាំងប្រធាន និងអនុប្រធានថ្មី ខុសលក្ខន្តិកៈនោះ គណបក្សប្រឆាំងមួយនេះ បានសម្រេចធ្វើលិខិតផ្លូវការមួយ ដើម្បីសុំជួបសម្តេចក្រឡាហោម ស ខេង ពន្យល់អំពីបញ្ហានេះ។

គិតត្រឹមវេលាម៉ោង៣៖២០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ ខុទ្ធកាល័យរបស់ក្រសួងមហាផ្ទៃ ពុំទាន់បានទទួលលិខិតផ្លូវការណាមួយរបស់គណបក្សសង្រ្គោះជាតិនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ លោក ខៀវ សុភ័គ នាយកខុទ្ទការល័យ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅប៉ុន្មាននាទីមុននេះប្រាប់ដល់បណ្តាញព័ត៌មាន Fresh News។

លោក ខៀវ សុភ័គ បានអះអាងថា គណបក្សសង្រ្គោះជាតិ គួរតែធ្វើការកែប្រែសារនយោបាយ ដើម្បីឱ្យស្របទៅតាមច្បាប់ ដូចដែលក្រសួងមហាផ្ទៃជូនដំណឹង ប្រសើរជាងជួបចរចា។ លោកថា បើបក្សប្រឆាំងនៅតែរឹងទទឹង អាចនឹងប្រឈមចំពោះមុខច្បាប់៕