(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គិសនីកម្ពុជា បានដឹកដៃគ្នាចុះពិភាក្សា សម្របសម្រួលដោះស្រាយ និងជម្រះមន្ទឹលសង្ស័យជាមួយតំណាងកម្មករ កម្មការិនី និងតំណាងរោងចក្រកាត់ដេរ «តៃអ៊ីហ្ស៊ី អិនធើណេសិនណល» ដែលមានទីតាំងស្ថិតក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ។

ក្រុមកម្មករ-កម្មការិនីបានស្នើសុំឲ្យមានការដោះស្រាយបញ្ហាទាំង១២ចំណុចរួមមាន៖ ១-បញ្ឈប់ការជេរប្រមាថ កម្មករ-កម្មការនី, ២-កំណត់បរិមាណផលស្រប ទៅតាមលទ្ធភាពកម្មករដែលអាចធ្វើបាន ៣-យកសំបុត្រពេទ្យ ក្នុងថ្ងៃធ្វើការ កុំយកនៅថ្ងៃឈឺ, ៤-ឈប់១០ថ្ងៃក្នុងមួយឆ្នាំ មានប្រាក់ឈ្នួល, ៥-ដំឡើងប្រាក់បាយបន្ថែមឲ្យបាន២៥០០រៀលក្នុងមួយថ្ងៃ, ៦-ឈប់សម្រាកមួយម៉ោងក្នុងមួយថ្ងៃ ដើម្បីបំបៅដោះកូនរហូតបាន១ឆ្នាំកន្លះ, ៧-មានច្បាប់ឈប់បុណ្យសាសនាឥស្លាម, ៨-មានប្រាក់រង្វាន់ នៅពេលពិនិត្យគុណភាពទំនិញ ឲ្យដូចផ្នែកកាត់ដេរដែរ, ៩-មានប្រាក់បំណាច់ឆ្នាំ៥%, ១០-រើសប្រធានផ្នែកពិនិត្យគុណភាពទំនិញបន្ថែម, ១១-កុំបញ្ឈប់កម្មករ-កម្មការិនីគ្មានមូលហេតុ និង១២-សូមកាត់ប្រាក់ឈ្នួលទៀងទាត់តាមសមាមាត្រ។

រាល់សំណូមទាំងនោះខាងតំណាងរោងចក្រ តំណាងកម្មករ និងក្រុមការងារ បានជជែកសម្របសម្រួល និងរកដំណោះស្រាយបានមួយចំនួន ប៉ុន្តែក៏នៅមានសំណូមពរមួយចំនួន ត្រូវបានតំណាងរោងចក្រពន្យា ដើម្បីសុំគោលការពីថ្នាក់លើសិន និងរង់ចាំដោះស្រាយនៅពេលក្រោយ។

លោក ម៉ៅ ធនិន និងលោក កែវ រតនៈ បានសំណូមពរបន្ថែមដល់តំណាងរោងចក្រ សូមឲ្យមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត និងក្រុមការងារ ដើម្បីរួមគ្នាត្រួតពិនិត្យ និងសម្របសម្រួលដោះស្រាយវិវាទ នៃការអនុវត្តនីតិវិធីការងារ រវាងនិយោជិត និងនិយោជក ក្នុងរោងចក្រ កុំឱ្យរឿងតូចក្លាយទៅជារឿងធំ។ ចំពោះក្មួយៗកម្មករ-កម្មការរិនីត្រូវដឹងថា រោងចក្រកាត់ដេរនៅក្នុងខេត្ត គឺជារោងចក្រដ៏ធំ ដែលអាចស្រូបយកកម្មករ កម្មការិនីក្នុងខេត្ត និងក្រៅខេត្ត ចូលមកធ្វើការបានរាប់ម៉ឺននាក់ និងជាឆ្នាំងបាយមួយយ៉ាងធំ និងមានប្រសិទ្ធិភាព ហេតុនេះក្នុងនាមរដ្ឋបាលខេត្ត និងក្រុមការងារ សូមសំណូមពរកុំនាំគ្នាវៃឆ្នាំងយើង ត្រូវចេះថែរក្សាការពារឆ្នាំងបាយឱ្យបានយូរអង្វែង ហើយត្រូវចាំទុកថា «ខាងរោងចក្រគេមានលុយ យើងមានកម្លាំងពលកម្ម ទាំងពីនេះត្រូវដើរទន្ទឹមគ្នា»

បើក្មួយៗកម្មករ-កម្មការិនី មិនពេញចិត្តលើអ្វីមួយ ជាមួយក្រុមហ៊ុន ឬបុគ្គលណាមួយនោះ ត្រូវមានការទំនាក់ទំនងជាមួយ​ក្រុមការងារ ដែលមានរូបលោកជាអភិបាល និងជាប្រធាន រួមជាមួយក្រុមការងារ និងមន្ទីរការងារជាសេនាធិការ រង់ចាំដោះស្រាយស្រាប់។ ក្រៅពីនោះអាចសរសេរ ជាលិខិតដាក់ចូលក្នុងប្រអប់គណនេយ្យភាព តាមរយៈទូរស័ព្ទផ្ទាល់ក៏បាន គឺសុំតែម្យ៉ាង កុំជឿទៅតាមការញុះញង់ពីសំណាក់ជនខិលខូច មានបំណងមិនល្អ មកបំបែកបំបាក់ ដែលនាំឱ្យខាតបង់ផលប្រយោជន៍ទាំងអស់គ្នា។

លោកបានសន្យាថា នឹងរស់នៅរួមសុខ រួមទុក្ខ និងមើលការខុសត្រូវជាប់ជានិច្ច ជាមួយក្មួយៗកម្មករ កម្មការិនីគ្រប់ពេលវេលា ហើយនៅ៦សប្តាហ៍ខាងមុខនេះ ក្រុមការងារនឹងជួបគ្នាម្តងទៀត ដើម្បីរួមគ្នាដោះស្រាយបញ្ចប់បញ្ហាដែលនៅសេសសល់ ឱ្យបានជ្រះស្រឡះទាំងអស់គ្នា។ លោកបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃភ្លើងអគ្គិសនី នៅដើមខែមេសាខាងមុននេះ សម្រាប់ឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងតម្លៃសមរម្យ។

បន្ទាប់ពីបានជួបពីពិភាក្សាជាមួយតំណាងកម្មករ ក្រុមការងារក៏បានជួបជាមួយក្មួយៗ កម្មករ-កម្មការិនីនៅខាងក្រៅសាលប្រជុំ ដែលបានឈររង់ចាំជាង២០០នាក់ និងបានជម្រាបជូន អំពីលទ្ធផលជាវិជ្ជមានមួយចំនួន ផ្សព្វផ្សាយដល់ក្មួយៗនៅទីនោះផងដែរ៕