(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ស្អែកនេះតទៅ អ្នកជាប់ពន្ធអាចទៅបង់ពន្ធអាការគ្រប់ប្រភេទ នៅគ្រប់សាខាធនាគារកម្ពុជាសាធារណៈ នៅទូទាំង២៥រាជធានីខេត្ត បានហើយ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការអនុញ្ញាតឲ្យធនាគារកម្ពុជាសាធារណៈ ប្រមូលចំណូលពន្ធគ្រប់ប្រភេទនេះ គឺ ដើម្បីបង្កើនប្រសិទ្ធភាព សេវាសាធារណៈ ឲ្យកាន់តែមានគុណភាព ស័ក្តិសិទ្ធិ ទំនុកចិត្ត ឆាប់រហ័ស និងងាយស្រួល សមស្របទៅនឹងសេចក្ដីត្រូវការ របស់អ្នកជាប់ពន្ធ។

សូមជម្រាបថា រហូតមកដល់ពេលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឲ្យធនាគារចំនួន៦ មានសិទ្ធិទទួលចំណូលពន្ធគ្រប់ប្រភេទបាន មានធនាគារអេស៉ីលីដា ធនាគារកាណាឌីយ៉ា​ ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ ធនាគារ ANZ និង ធនាគារឯកទេស Wing ផងដែរ៕

សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖