(ភ្នំពេញ)៖ លោក កឹម គុណវឌ្ឍ អគ្គនាយកនៃទូរទស្សន៍ជាតិកម្ពុជា បានលើកឡើងថា ដើម្បីការអភិវឌ្ឍនៃតំបន់អាស៊ី​របស់ យើងប្រព័ន្ធសារព័ត៌មាន និងផ្សព្វផ្សាយអាស៊ីត្រូវតែដើរតួនាទី កាន់តែធំៗឡើង យើងត្រូវតែរួមគ្នា ដោយឈរលើតួនាទី ទទួលខុសត្រូវ ពិតប្រាកដមួយ និងដោយមាន លក្ខណៈស្ថាបនា លើវិស័យផ្សព្វផ្សាយព័ត៌មាន ប្រកបដោយសត្យានុម័ត ពិតប្រាកដ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

ការលើកឡើងរបស់ លោក កឹម គុណវឌ្ឍ អគ្គនាយកនៃទូរទស្សន៍ជាតិកម្ពុជា បានធ្វើឡើងនៅក្នុងវេទិកា «Boao Forum for ASIA BFA Annual Conference 2017» សម្រាប់កិច្ចពិភាក្សតុមូល របស់អ្នកដឹកនាំព័ត៌មាន ដែលនឹងរំពឹងទុក ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងវិស័យផ្សព្វផ្សាយនៅអាស៊ី Media Leaders Roundtable on: New Prospects for ASIAN Media Cooperation។

កិច្ចពិភាក្សានេះ ធ្វើនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅក្រុងបូអៅ ខេត្តហាយណាន់ ប្រទេសចិន ដោយមានអ្នកជំនាញ ឯកទេសអ្នកគ្រប់គ្រង អ្នកដឹកនាំវិស័យផ្សព្វផ្សាយ ចំនួន២៨រូបមកពី៩ប្រទេសចូលរួម ក្នុងកិច្ចពិភាក្សាតុមូលក្នុងកិច្ចពិភាក្សា ។

លោក កឹម គុណវឌ្ឍ បន្តថា បើទោះបីជាប្រទេសណាមួយ នៅក្នុងតំបន់អាស៊ី រហូតដល់ពិភពលោកទាំងមូលក្តី គឺសុទ្ធតែ ត្រូវការបរិយាកាសនូវ មតិអន្តរជាតិដ៏ល្អប្រសើរមួយ។ បណ្តាប្រទេនានានៅ អាស៊ីមានទំនាក់ទំនង ទីតាំងភូមិសាស្ត្រយ៉ាង ជិតស្និទមានប្រវត្តិសាស្រ្ត ដ៏យូរអង្វែង និងប្រពៃណីវប្បធម៌មានលក្ខណៈពិសេសរៀងៗខ្លួន។ អ្នកសារព័ត៌មាន មានការប្រាស្រ័យទាក់ទងគ្នា តាំងពីបុរាណកាល យើងបានរៀនសូត្រពីគ្នា នូវសមទ្ធិផលអរិយធម៌ពីគ្នារៀនសូត្រ ពីបទពិសោធន៍អភិវឌ្ឍ ជាដៃគូភាគីនឹងគ្នា សំដៅជំរុញដល់ការអភិវឌ្ឍ និងការរីកចម្រើនរៀងៗខ្លួន។ នេះជាទស្សនទាននៃ អ្នកចូលរួមក្នុងកិច្ចពិភាក្សាតុមូលពាក់ព័ន្ធលើការបង្កើតនិងការចូលរួមជាសមាជិកនៃ «អង្គការសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានអាស៊ី»៕