(ជប៉ុន)៖ ពិព័រណ៍រូបភាព និងចម្លាក់សម័យអង្គរ ត្រូវបានតាំងបង្ហាញក្នុងឱកាស សម្ពោធអាគារថ្មី របស់សកលវិទ្យល័យសូហ្វីយ៉ា ក្រុងតូក្យូនាពេលថ្មីៗកន្លងមកនេះ។

សាកលវិទ្យាល័យសូហ្វីយ៉ា បានរៀបចំទីតាំងសម្រាប់ការតាំងពិព័រណ៍ ហើយក៏បានរៀបចំឲ្យមានការសម្តែង ដោយផ្ទាល់របស់កម្មករជំនាញលើកិច្ចការកាត់ និងរំលីងថ្ម ដើម្បីជួសជុលប្រាសាទ របស់អាជ្ញាធរជាតិអប្សរា ដែលមានបទពិសោធន៍ ធ្លាប់បំពេញកិច្ចការនេះ អស់រយៈកាលយូរឆ្នាំមកហើយ។

សកម្មភាពសម្តែងនាពេលនេះគឺ ការបង្ហាញពីបច្ចេកទេសរំកិលថ្ម ដាប់ថ្ម និងរំលីងថ្ម ដែលជាសកម្មភាពបង្ហាញឡើងវិញ តាមរូបភាពនៃចម្លាក់ដែលបានឆ្លាក់ផ្ទាល់ នាជញ្ជាំងប្រាសាទបាយ័ន។ ចំណែកអ្នកជំនាញរបស់ជប៉ុន ក៏បានបង្ហាញពីបច្ចេកទេស នៃការដាប់ ចាំងថ្មតាមរបៀបជប៉ុន ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាផងដែរ។

លោកហោ ទុយ លោកចាម ប្រាណ និងលោកយ៉ត់ យ៉េង ជាកម្មករផ្នែកជួសជុល ប្រាសាទរបស់អាជ្ញាធរជាតិអប្សរា មានទីលំនៅរស់នៅក្នុងឧទ្យានអង្គរផ្ទាល់ពីយូរលង់មកហើយ។ លោកទាំងបីត្រូវបានសាកលវិទ្យាល័យ សូហ្វីយ៉ាផ្តល់ឱកាស បានមកសម្តែងបង្ហាញដោយផ្ទាល់ ពីបច្ចេកទេសខ្មែរបុរាណលើការកាត់ រំលីងថ្មដើម្បីកសាងប្រាសាទ។

ក្នុងពេលដែលបានបង្ហាញដោយផ្ទាល់ពីរបៀបរំកិលថ្ម និងរំលីងថ្ម នាពេលនេះលោកហោ ទុយ ជាកម្មករជំនាញលើកិច្ចការនេះផ្ទាល់របស់អាជ្ញាធរជាតិអប្សរាបានបង្ហាញនូវក្តីរីករាយ ដែលប្រជាជនជប៉ុនបានយកចិត្តទុកដាក់ផ្តល់តម្លៃខ្ពស់លើកិច្ចការអភិរក្សមរតកបេតិភណ្ឌជាតិ។ លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា និងសកលវិទ្យាល័យសូហ្វីយ៉ា ដែលផ្តល់ឱកាសដល់រូបលោកក្នុងពេលនេះ។

លោកសាស្រ្តាចារ្យ យូស៊ីអាគី អ៊ីហ្សីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា បានកោតសរសើរចំពោះការខិតខំ ប្រឹងប្រែងរបស់កម្មករ និងអ្នកជំនាញចំពោះកិច្ចការអភិរក្សមរតកបេតិកភណ្ឌ នាពេលកន្លងមក លោកក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរជាតិអប្សរា ចំពោះកិច្ចសហការយ៉ាងល្អ ដែលធ្វើឲ្យបេសកកម្មជួយអភិរក្សអង្គររបស់ សកលវិទ្យាល័យសូហ្វីយ៉ា ទទួលបានជោគជ័យជាបន្តបន្ទាប់។ ហើយសកម្មភាពក្នុងពេលនេះ ក៏ជាលទ្ធផលដែលទទួលបាន ពីកិច្ចសហការយ៉ាងល្អនាពេលកន្លងមកនោះដែរ៕