(កណ្តាល)៖ កម្លាំងនគរបាលស្រុកកោះធំ បានឃាត់ខ្លួនជនសង្ស័យ មុខសញ្ញាចែកចាយគ្រឿងញៀនស្រី-ប្រុសចំនួន២នាក់ និងដកហូតបានថ្នាំញៀនចំនួន៤២កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ស្ថិតភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១៖ ឈ្មោះ ឃឹម ខេម៉ា (ហៅ ស្រីពេជ្រ) ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ទី២៖ ឈ្មោះ សេង សុងហ៊ី (ហៅ ចន្ឋី) ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាបុគ្គលិកកាស៊ីណូ រស់នៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុខាងលើ កម្លាំងនគរបាលជំនាញបានដើរចល័តនៅក្នុងភូមិសាស្រ្តរបស់ខ្លួន លុះដល់ចំណុចកើតហេតុ បានទទួលព័ត៌មានពីមហាជនថា មានមុខសញ្ញាកំពុងធ្វើសកម្មភាពលក់ និងចែកចាយគ្រឿងញៀន ភ្លាមនោះកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន ចុះស្រាវជ្រាវរហូតបានជួបមុខសញ្ញាសង្ស័យ០១នាក់ ឈ្មោះ ឃឹម ខេម៉ា ភេទស្រី អាយុ ៣០ឆ្នាំ និងដកហូតបានថ្នាំញៀនចំនួន៤២កញ្ចប់ (០២កញ្ចប់ធំ, ៤០កញ្ចប់តូច) ដែលរកឃើញមាននៅក្នុងកាបូបជាប់ និងខ្លួនរបស់ជនសង្ស័យ។

ក្រោយសាកសួរ ក៏បន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត រួមនិងវត្ថុតាងបន្ថែមទៀតរួមមាន៖ ទូរសព្ទ័ចល័តចំនួន០២ គ្រឿង, ប្រាក់រៀលចំនួន១០០,០០០ រៀល, ប្រាក់ដុងវៀតណាមចំនួន ២០០,០០០ដុង, ប្រាក់ដុល្លាចំនួន ០៤ ដុល្លារសហរដ្ឋអាមេរិក, សម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

ក្រោយកើតហេតុ កម្លាំងនគរបាលបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើនេះ មកកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់៕