(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ របស់ ក្រសួងអប់រំ យុវជន និងកីឡា។

ពិធីបិទសន្និបាតនេះនឹងធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារ និងលើកទិសដៅការងារថ្មីរបស់ខ្លួនចាប់តាំងពីថ្ងៃទី២១ ខែមីនា មកម្ល៉េះ ហើយនឹងត្រូវបិទបញ្ចប់នៅរសៀលថ្ងៃទី២៣ ខែមីនា នេះ។

ក្រសួងអប់រំ យុវជន និងកីឡា ដែលមានលោក ហង់ ជួនណារ៉ុន ជារដ្ឋមន្រ្តីនៅក្នុងអាណត្តិទី៥នេះ ត្រូវបានគេមើលឃើញថា កំពុងធ្វើកំណែទម្រង់យ៉ាងខ្លាំង ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា។ ជាក់ស្តែងការប្រឡងបាក់ឌុបរយៈពេល ៣ឆ្នាំកន្លងមកនេះ មានការរឹតបន្តឹងយ៉ាងតឹងរឹងបំផុត ជាហេតុធ្វើឲ្យសិស្សានុសិស្សភ្ញាក់រលឹក​ ក្នុងការសិក្សាបង្កើនចំណេះដឹងមិនផ្តេកផ្តួលលើការលួចមើលវិញ្ញាសារក្នុង ពេលប្រឡងទៀតនោះឡើយ។

កំណែទម្រង់លើការប្រឡងបាក់ឌុបរបស់លោក ហង់ ជួនណារ៉ុន បានធ្វើឲ្យមហាជនសាទរយ៉ាងខ្លាំង។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់គរុសិស្ស និស្សិតនៅថ្ងៃទី២២ ខែមីនា ម្សិលមិញនេះ ក៏បានបង្ហាញមោទនភាពលើជោគជ័យក្នុងការធ្វើកំណែទម្រង់របស់ក្រសួង អប់រំ យុវជន និងកីឡាផងដែរ។

សម្តេចនាយករដ្ឋមន្រ្តីថា ភាពជោគជ័យទាំងអស់នេះ មិនអាចពឹងផ្អែកលើរដ្ឋមន្រ្តី ហង់ ជួនណារ៉ុន តែម្នាក់អាចសម្រេចបាននោះឡើយ ពោលគឺត្រូវពឹងផ្អែកលើការចូលរួមពីលោកគ្រូ អ្នកគ្រូ មន្រ្តីអប់រំ និងប្រជាពលរដ្ឋជាអាណាព្យាបាលសិស្សផងដែរ៕