(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងថា សមាជវិសាមញ្ញជ្រើសតាំងប្រធានថ្មី និង អនុប្រធានថ្មី របស់គណបក្សសង្រ្គោះជាតិ ខុសច្បាប់ ក៏មានការបែកធ្លាយនូវឯកសារវិភាគ លើទិដ្ឋភាពច្បាប់ស្តីពីសមាជវិសាមញ្ញនេះ នៅក្នុងក្រុមបណ្តាញសារព័ត៌មាននានានៅក្នុងស្រុក នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។

នៅក្នុងឯកសារវិភាគលើទិដ្ឋភាពច្បាប់ ដែលមានចំនួន៥ទំព័រ បានរៀបរាប់យ៉ាងលម្អិតជុំវិញការធ្វើសមាជវិសាមញ្ញ ជ្រើសតាំងប្រធានថ្មី និងអនុប្រធាន៣រូប គឺខុសទៅនឹងប្រកាស៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដែលជាច្បាប់កំពូលរបស់គណបក្សនេះ ដូចដែលក្រសួងមហាផ្ទៃប្រកាសថា ខុសច្បាប់។

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដ៏សំខាន់មួយ ដោយប្រកាសថា សមាជវិសាមញ្ញជ្រើស រើសប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនាកន្លងទៅគឺខុសច្បាប់។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចេញថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖​ «បើផ្អែកតាមលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ សមាជវិសាមញ្ញបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជាអនុប្រធាននៃគណបក្សសង្រ្គោះជាតិគឺបានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២ នៃលក្ខន្តិកៈគណបក្សដោយអាណត្តិនៅសល់ មានរយៈពេល តិចជាង១៨ខែ គិតត្រឹមកាលបិរច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងជាប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧»

មន្រ្តីជាន់ខ្ពស់ផែ្នកច្បាប់របស់ក្រសួងមហាផ្ទៃ សុំមិនបញ្ចេញឈ្មោះបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះថា នៅក្នុងលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ បានបញ្ជាក់ថា គណបក្សអាចជ្រើសរើសប្រធាន និងអនុប្រធានបានតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះគណបក្សសង្រ្គោះជាតិ បានជ្រើសរើស អនុប្រធានដល់៣រូប ខណៈដែលខាងគណបក្សមិនទាន់បានកែលក្ខន្តិកៈរបស់ខ្លួន ដើម្បីជូនដំណឹងដល់ក្រសួងមហាផ្ទៃនោះទេ បែរជាសមាជ ជ្រើសរើសប្រធានមួយ អនុប្រធានបីរួចទៅហើយ ដែលនេះជាទង្វើខុសច្បាប់ ប្រៀបបានទៅនឹងកូនកើតមុនឪ។

ឯកសារវិភាគលើទិដ្ឋភាពច្បាប់នេះ មានចំនួន៧ចំណុចធំៗ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖