(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជា បន្ទាប់ពីមានភាពលេចធ្លោ លើការកែទំរង់ស្ថាប័នសាធារណៈ សេវាប្រៃសណីយ៍ជាតិ ក្នុងរយៈកាលជាង៦ឆ្នាំ កន្លងមកនេះ ក្រោមការដឹកនាំរបស់លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកប្រៃសណីយ៍កម្ពុជា ត្រូវបានប្រកាសជាប់ជា ម្ចាស់ពានរង្វាន់ ផ្នែកគុណភាពល្អលំដាប់អន្តរជាតិ International Award for Quality 2017 ដែលរៀបចំឡើងដោយក្លិបអ្នកដឹកនាំ ធុរកិច្ចពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសណ្ឋាគារ Le Meridien Etoile នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។

ការទទួលបានពានរង្វាន់លំដាប់អន្តរជាតិ ផ្នែកគុណភាពសេវាកម្មនេះ គឺជាជោគជ័យថ្មីមួយទៀតសម្រាប់ ប្រៃសណីយ៍ កម្ពុជានៅឆ្នាំ២០១៧ ជាលទ្ធផលនៃការចូលរួមពីនិយោជិតគ្រប់លំដាប់ថ្នាក់ក្នុងការផ្តល់សេវាកម្មកាន់តែល្អប្រសើរដល់អតិថិជន បន្ទាប់ពីរាជរដ្ឋាភិបាលតែងតាំង ឲ្យមកដឹកនាំកែទំរង់ស្ថាប័នប្រៃសណីយ៍កម្ពុជា ដែលប្រែក្លាយទៅជាអង្គភាពសាធារណៈស្វ័យ័ត លើផ្នែកអាជីវកម្ម ហិរញ្ញវត្ថុ និងបច្ចេកទេស ចាប់តាំងពីឆ្នាំ២០១១មក ដែលក្នុងរយៈកាល៦ឆ្នាំកន្លងមកនេះ បានប្រែមុខមាត់ថ្មី ទទួលបានការជឿទុកចិត្តពីអតិថិជន និងដៃគូរអាជីវកម្ម ជាតិនិងអន្តរជាតិ ពង្រីកវិសាលភាពអាជីវកម្មកាន់តែធំជាងមុន ទំនើបកម្មបច្ចេកទេស ICT ទាន់សម័យ បណ្តុះបណ្តាលបុគ្គលិកជំនាញ គ្រប់លំដាប់ថ្នាក់ ហើយបានបង្កើនប្រាក់ចំណូលដល់អង្គភាពកើនជារៀងរាល់ឆ្នាំ ដែលជាពិសេសបានជួយលើកកំពស់ជីវភាពនិយោជិត មានកំរិតប្រកួតប្រជែងទីផ្សារបាន។

ជាលទ្ធផលចំណូលអាជីវកម្ម បានកើនឡើងជាទីកត់សំគាល់ដោយចាប់ផ្តើមពីឆ្នាំ២០១១ បានចំនួន ៣,៨លានដុល្លារ ហើយនៅឆ្នាំ២០១៦ កើនចំណូលរហូតដល់៩,៥លានដុល្លារ។

កម្មវិធីប្រគល់ពានរង្វាន់នេះត្រូវបានរៀបចំឡើ​ង ដោយមានការចូលរួមពីសហគ្រាសធុរកិច្ចជាង១៥០ មកពីទ្វីបទាំងប្រាំនៅលើពិភពលោក ដែលមានទស្សន វិស័យបង្កើនគុណភាពផលិតផល និងសេវាកម្មដែលជាកត្តាសំខាន់ ក្រាលផ្លូវនាំសហគ្រាសទៅរកភាពជោគជ័យ នៅក្នុងសម័យ កាលសកលភាវូបនីយកម្ម ដែលកំពុងមានវិសាលភាពគ្របដណ្តប់ក្រុមហ៊ុនគ្រប់ប្រភេទ។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងទទួលស្គាល់ សហគ្រាសដែលមានស្នាដៃលេចធ្លោខិតខំបង្កើនគុណភាពផលិតផលសេវាកម្ម ឆ្លើយតម្រូវការតាមបរិបទទីផ្សារសកលភាវូបនីយកម្ម ក៏ដូចជាជួយជំរុញផ្សព្វផ្សាយក្រុមហ៊ុនរបស់ខ្លួន ជាមួយដៃគូរក្នុងក្លឹបអ្នកដឹកនាំធុរកិច្ចពិភពលោក។

លើសពីនេះទៀត ពិធីនេះនូវផ្តល់ឱកាសចែករំលែក បទពិសោធន៍ និងរៀនបន្ថែមពីគ្នាទៅវិញទៅមក អំពីវិធីដែលនាំឲ្យសហគ្រាសទទួលបាន ជោគជ័យខាងធុរកិច្ច។ បន្ទាប់ពីមានការកែទំរង់ស្ថាប័នសាធារណៈប្រៃសណីយ៍កម្ពុជា ស្ថាប័ននេះក៏ធ្លាប់បានទទួលស្គាល់ការដឹកនាំអាជីវកម្ម លំដាប់អន្តរជាតិ ផងដែរ៖
2017 - International Award for Quality on Excellence Services
2016 - International Award for Excellence & Leadership
2014 – UPU Best Management
2014 – UPU Certified Management Level ‘C’