(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០១៧នេះ ក្រសួងការពារជាតិកម្ពុជា បានរៀបចំពិធីប្រគល់ និងទទួលសម្ភារៈយោធាមួយចំនួន ដែលក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង ផ្តល់ជូនក្រសួងការពារជាតិកម្ពុជា។

ពិធីនេះ ត្រូវបានធ្វើឡើងនៅ វិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និង លោក Kang Byung Joo អនុរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា
អំណោយសម្ភារះយោធាដែលក្រសួងការពារជាតិបានទទួលពីក្រសួងការពារជាតិប្រទេសកូរ៉េ នាពេលនេះ គឺជាការចែករំលែកមួយរបស់ក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េ ជូនដល់ក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា សម្តៅជួយលើកកម្ពស់សមត្ថភាពកងយោធពលខេមរភូមិន្ទ ឱ្យកាន់តែប្រសើឡើងថែមទៀត ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗនិងសេចក្តីត្រូវការជាក់ស្តែង។

លោកបានបន្ថែមថា ការផ្តល់អំណោយនេះ បានបង្ហាញពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយ មោទនភាពសំរាប់កងយោធពលខេមរភូមិន្ទ និងបានបញ្ជាក់ពីការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការណ៍ ចំណងមិត្តភាព សាមគ្គីភាព របស់ប្រទេសទាំងពីរ កាន់តែប្រសើរឡើងថែមទៀត ៕