(សៀមរាប)៖ កិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ក្រោមប្រធានបទ «ការអនុវត្តល្អបំផុតស្តីពីការចូលជាសមាជិករបស់ប្រទេសអភិវឌ្ឍន៍តិចតួច» និងកិច្ចប្រជុំពាក់ព័ន្ធត្រូវបានប្រារព្ធពិធី បិទជាផ្លូវការនៅរសៀលថ្ងៃទី២២ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួម ពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលប្រទេសចិន និងតំណាងប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។

នៅក្នុងសុន្ទកថាបិទកម្មវិធីលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃប្រទេសចិន ដែលបានផ្តល់ការគាំទ្រ ហិរញ្ញវត្ថុដល់អង្គការពាណិជ្ជកម្មពិភពលោក WTO ដើម្បីរៀបចំកិច្ចប្រជុំតុមូលចិន សំដៅជួយប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ក្នុងការរៀបចំខ្លួនស្នើចូលជាសមាជិក WTO ស្របតាមមាត្រា ១២ នៃកិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្តីពីការបង្កើត អង្គការ WTO។ បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសជាសមាជិកអង្គការ WTO ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានផ្តល់ជំនួយបច្ចេកទេសដល់ប្រទេស LDCs ក្នុងការរៀបចំគោលនយោបាយពាណិជ្ជកម្ម និងធ្វើសមាហរណកម្មចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។

«ការចូលជាសមាជិកអង្គការ WTO គឺជាការវិនិយោគ សម្រាប់ការប្រកួតប្រជែងក្នុងពេលអនាគត ដែលនាំមកនូវ អត្ថប្រយោជន៍ធំធេង សម្រាប់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម ប៉ុន្តែមានឧបសគ្គជាច្រើនចំពោះមុខ ដែលត្រូវអនុវត្តន៍ ស្របតាមកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់អង្គការ WTO»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

«ខ្ញុំសូមលើកទឹកចិត្តដល់ប្រទេស LDCs ដែលមិនទាន់ចូលជាសមាជិក WTO ជាពិសេសប្រទេសស៊ូដង់ និងកូម៉ូរូស ធ្វើការតស៊ូជាមួយកម្ពុជា ឆ្ពោះទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ១១ ដើម្បីទទួលបានការអនុម័តចូលជាសមាជិក អង្គការ WTO»។ លោករដ្ឋមន្ត្រី បានបន្ថែម។

កិច្ចប្រជុំតុមូលចិនលើកទី៥ ដែលបានប្រារព្ធឡើងនៅលើទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលបីថ្ងៃនេះ ទទួលបានជោគជ័យត្រចះត្រចង់ ព្រមទាំងបានចែករំលែក និងរៀនសូត្រពីបទពិសោធន៍ល្អៗ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ជាលក្ខណៈស៊ីជម្រៅ និងប្រាកដនិយមសម្រាប់ប្រទេសចូលរួមទាំងអស់។ លើសពីនេះកិច្ចប្រជុំក៏បានផ្តល់នូវមូលដ្ឋានគ្រឹះ រឹងមាំដល់ប្រទេស LDCs ដែលបានស្នើចូលជាសមាជិក WTO ក្នុងការរៀបចំយុទ្ធសាស្ត្រសមារណកម្មពាណិជ្ជកម្ម ព្រមទាំងការស្នើសុំជំនួយបច្ចេកទេសពីស្ថាប័នពាក់ព័ន្ធដូចជា អង្គការ WTO, សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC), មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC), និងសន្និសីទអង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ដើម្បីស្នើសុំចូលជាសមាជិក WTO ដោយជោគជ័យក្នុងពេលអនាគត៕